×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2619

Print this page

សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ

 ព្រហស្បតិ៍, 16 ឧសភា 2024 19:13  |  903 times

(ភ្នំពេញ)៖ សិស្ស-និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)មកពីមហាវិទ្យាល័យចំនួន៩នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដាក់បង្ហាញស្នាដៃរបស់ខ្លួនរាប់រយមុខផ្សេងៗគ្នាក្នុងខួប១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងកម្មវិធីពិព័រណ៍ការងារ ព្រមទាំងសន្និសីទវិទ្យាសាស្ត្រលើកទី៣ដោយមានអ្នកចូលរួមរាប់ពាន់នាក់។ 

 

យុវជន ផេង ម៉េងស៊ឺ ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានយកស្នាដៃ ដូចជា រ៉ូបូត និងប្រព័ន្ធឆ្លាតវៃមួយចំនួនដើម្បីដាក់បង្ហាញដល់អ្នកចូលរួមទស្សនា បានលើកឡើងថា ការតាំងពិព័រណ៍បង្ហាញស្នាដៃនេះ មិនត្រឹមជាឱកាសឲ្យសិស្ស-និស្សិតបានបង្ហាញនូវស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញលើកទឹកចិត្តឲ្យសិស្ស-និស្សិតខិតខំប្រឹងប្រែងបង្កើតស្នាដៃថ្មីៗផងដែរ។

 

និស្សិត ផេង ម៉េងស៊ឺ បញ្ជាក់ថា៖ «ក្រោយបញ្ចប់ការតាំងពិព័រណ៍នេះ នឹងមានក្រុមហ៊ុន ឬអ្នកដែលមិនធ្លាប់ស្គាល់ពីមុនកាន់តែយល់ដឹងពីវិស័យអេឡិចត្រូនិក ហើយវាក៏បង្ហាញទៅអ្នកចូលរួមថា យើងអាចធ្វើបានរបស់ដែលថ្មីៗក្នុងវិស័យអេឡិចត្រូនិក»។ 

 

ដោយឡែកយុវតី រួម សៀវអ៊ី និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអុបទិកបានបញ្ជាក់ថា ការតាំងពិព័រណ៍ស្នាដៃរបស់សិស្សក្នុងពិធីខួប១៩ឆ្នាំរបស់វិទ្យាស្ថាននឹងជំរុញឱ្យសាធារណជនកាន់តែយល់ច្បាស់ពីផលិតផលសំខាន់ៗដែលសិស្ស-និស្សិតបានបង្កើតឡើង។ ជាក់ស្តែងសាធារណជន នឹងមានឱកាសស្វែងយល់ពីផលិតផលអុបទិក និងជំនាញបច្ចេកទេសផ្សេងៗទៀតនៅពេលដែលបានឃើញស្នាដៃរបស់សិស្សដាក់បង្ហាញ។ 

 

ជាមួយគ្នានេះ លោក ស៊ីន ពិសិដ្ឋ គ្រូនៃមហាវិទ្យាល័យមេកានិកវិញ បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣នេះ ពិតជាសំខាន់សម្រាប់យុវជនដែលបានចូលរួម ពិសេសសិស្ស-និស្សិតនៃវិទ្យាស្ថានNPIC។ 

 

លោកគូសបញ្ជាក់ថា៖ «អ្នកខ្លះទើបឆ្នាំទី១ ឆ្នាំទី២ អាចសិក្សាស្វែងយល់ពីកិច្ចការដែលសិស្សច្បងយកដាក់បង្ហាញក្នុងពិព័រណ៍នេះ។ ពួកគាត់ក៏អាចស្វែងយល់នូវមុខជំនាញដទៃ ក្រៅពីមុខជំនាញដែលពួកគាត់បានសិក្សានៅសាលា និងធ្វើឲ្យគាត់កាន់តែចង់ស្រាវជ្រាវបន្ថែម។ មួយទៀតសម្រាប់សិស្សឆ្នាំទី៤ ដែលត្រៀមបញ្ចប់ការសិក្សា និងត្រៀមរកការងារធ្វើថែមទៀតផង»។

 

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានប្រារព្ឋខួប១៩ឆ្នាំ ព្រមទាំងរៀបចំពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ៖ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2619{/gallery}