×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2302

Print this page

ស្វីសសន្យាបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើន

 ច័ន្ទ, 09 តុលា 2023 20:53  |  1690 times

(ភ្នំពេញ)៖ រដ្ឋាភិបាលសហព័ន្ធស្វ៉ីសបានសន្យាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើន។

ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម PEDRO ZWAHLEN អគ្គរដ្ឋទូតស្វ៉ីសប្រចាំនៅកម្ពុជា ថៃ ឡាវ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វ៉ីស ដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា លើជំនាញការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរនិងឥដ្ឋការ៉ូ និងជួសជុលទូទៅជាដើម។

 

ក្រៅពីនេះ ភាគីទាំងពីរក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើសេចក្ដីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជា ក្រោយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងរួចមកហើយនោះ។

ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះរដ្ឋាភិបាលស្វ៉ីសដែលបានជួយគាំទ្រ និងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោង ការទទួលបានការងារសមរម្យ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមអគ្គរដ្ឋទូតស្វ៉ីសបានសន្យាចំពោះឯកឧត្តមរដ្ឋមន្ត្រីបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្រៅពីនេះភាគីទាំងពីរបានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ក្នុងដំណើរការច្រវាក់ផលិតកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌប្រទេសកម្ពុជា និងស្វីស៕

Image Gallery

{gallery}2302{/gallery}