×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2200

Print this page

ទិវាជាតិ TVET! រដ្ឋមន្ត្រីការងារបន្តអំពាវនាវដល់យុវជនងាកមកទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ស្វែងរកការងារ និងបង្កើតមុខរបរដោយខ្លួនឯង

 ព្រហស្បតិ៍, 15 មិថុនា 2023 13:34  |  2261 times

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន/យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង»។

 

ឯកឧត្តមបណ្ឌិតបានបន្តថា ចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួច បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៣២៥។ ក្នុងឆ្នាំ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន៨៩,៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើរទាំងអស់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិតដែលមិនមានជំនាញ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។

 

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្នកម្ពុជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជនបានចំនួន២៣០ក្រុមហ៊ុន ដើម្បីសហការផ្ដល់ការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ក្រុមហ៊ុន ដោយធានាថាសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អនៅក្រុមហ៊ុនទាំងនេះ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»។

 

ឯកឧត្តម  អុិត សំហេង ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឆ្នាំ២០១៧-២០២៥ ដោយផ្តោតលើគោលបំណង៖ ១-ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ២-បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ៣-លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង៤-លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

 

ឯកឧត្តមរដ្ឋមន្ត្រីណែនាំឱ្យបន្តអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន៤៖ ១-ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា ២-ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ៣-ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤-ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។

 

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២៣-២០៣៥។

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នពាក់ព័ន្ធត្រៀមរៀបចំអនុវត្តផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យមានប្រសិទ្ធភាពខ្ពស់៕

Image Gallery

{gallery}2200{/gallery}