×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2163

Print this page

សាធារណរដ្ឋឆែកប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

 ច័ន្ទ, 15 ឧសភា 2023 15:12  |  1867 times

(ភ្នំពេញ)៖ សាធារណរដ្ឋឆែកបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

 

ការឯកភាពនេះធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលផ្តោតសំខាន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំកន្លងមក (២០១៨-២០២៣) និងកំណត់ទិសដៅអាទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ ជាពិសេសការបន្ដគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

 

នាជំនួបនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋឆែកក្នុងការពង្រឹង និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកលើវិស័យការងារ ជាពិសេស វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។

 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការ៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨។

 

ឯកឧត្តមបន្តលើកឡើងថា ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលឿន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្ដាលជំនាញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជំនាញដល់យុវជនគ្រួសារក្រីក្រប្រមាណ១លាន៥សែននាក់ (ស្មើនឹង១៥%នៃកម្លាំងពលកម្មសរុប) តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពិសេស ដែលកម្មវិធីនេះគឺជាចំណុចអាទិភាពខ្ពស់មួយដែលក្រសួងការងារកំពុងផ្តោតសំខាន់។

 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «ក្រសួងក៏បានស្វាគមន៍ដៃគូរអភិវឌ្ឍទាំងអស់ ជាពិសេសសាធារណរដ្នឆែកក្នុងការចូលរួមផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាផងដែរ»។

ជាការឆ្លើយតប ឯកឧត្តម Petr Gandalovic បានវាយតម្លៃខ្ពស់ទៅលើការដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជំនាញរបស់យុវជនក្រីក្រនេះ និងបានស្វាគម៍ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការទៅលើគម្រោងនេះផងដែរ។

 

ឯកឧត្តមបានបន្តថា កន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពទៀតនោះ ភាគីទាំងពីរគួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជា ផ្នែកការកែច្នៃផលិតផលកសិកម្មជាដើម។

 

ឯកឧត្តម Petr Gandalovic បានបន្តថា ការកែច្នៃម្ហូបអាហារនេះ គឺជាផ្នែកមួយដែលសាធារណរដ្ឋឆែកមានបទពិសោធន៍ជាយូរណាស់មកហើយ លើសពីនេះឆែកក៏មានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានការអភិវឌ្ឍឈានមុខគេមួយ ហើយនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានេះ សាធារណរដ្ឋឆែកអាចផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅឆែក ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពទៅលើការលើកឡើងរបស់ ឯកឧត្តម Petr Gandalovic ហើយបានលើកឡើងថា កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញដល់ឆ្នាំ២០៣៥ ដើម្បីកំណត់គោលដៅជំនាញសំខាន់ៗដែលត្រូវអភិវឌ្ឍផងដែរ។

 

ចំពោះការការដាក់ឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលផ្នែកកែច្នៃផលិតផលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្វាគមន៍ផងដែរ ដោយកម្មវិធីនេះនឹងបន្តគាំទ្រទៅលើគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន ដូចជា គោលនយោបាយនាំចេញអង្ករ ដែលបានដាក់គោលដៅនាំចេញ១លានតោន គោលនយោបាយកែច្នៃ និងនាំចេញដំឡូងមី និងគោលនយោបាយកែច្នៃគ្រាប់ស្វាយចន្ទី ដែលសព្វថ្ងៃនេះកម្ពុជាគឺជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការរៀបចំឱ្យមានការផ្តល់អាហារូបករណ៍ និងទស្សនកិច្ចសិក្សាទៅសាធារណរដ្ឋឆែក ដើម្បីឱ្យកម្ពុជាអាចតាមទាន់ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗដែលកំពុងលេចឡើង លើសពីនេះវាក៏នឹងជួយឱ្យការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តលបច្ចេកទេស និងវិជ្ជាជីវៈទៀតផង។

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានប្តេជ្ញាក្នុងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ មានជំនាញវិជ្ជាជីវ: ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕

Image Gallery

{gallery}2163{/gallery}