×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2141

Print this page

និស្សិតកម្ពុជាចំនួន ១០៨នាក់ កំពុងសិក្សាជំនាញវិជ្ជាជីវ:នៅសាលា ថៃង្វៀន ប្រទេសវៀតណាម

 ព្រហស្បតិ៍, 06 មេសា 2023 16:23  |  3199 times

(ខេត្តថៃង្វៀន-វៀតណាម)៖ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយតំណាងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម តំណាងខេត្តថៃង្វៀន និងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាសាលាថៃង្វៀនរួចមក ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ចំនួន១០៨នាក់ ដែលកំពុងសិក្សានៅសាលាថៃង្វៀន ដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូដល់អនាគតក្មួយៗដែលជានិស្សិតកម្ពុជា ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាពរបស់ពួកគេសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំផ្តល់ឱកាសដល់យុវជន ឱ្យទទួលបាននូវឱកាសសិក្សាសម្រាប់អនាគតរបស់ពួកគេ ទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ឱកាសដែលនិស្សិតកម្ពុជា បានមកសិក្សានៅសាលាថៃង្វៀននេះ បើគ្មានកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរទេ គឺមិនមានឱកាសបែបនេះទេ។ 

 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការអគុណចំពោះក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម រដ្ឋបាលខេត្តថៃង្វៀន និងសាលាថៃង្វៀន ដែលបានផ្តល់នូវឱកាសដល់និស្សិតកម្ពុជា ក៏ដូចជាផ្តល់នូវការគំាពារយកចិត្តទុកដាក់ដល់ពួកគេក្នុងអំឡុងពេលស្នាក់នៅសិក្សារៀនសូត្រនៅទីនេះ។ 

ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ គោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្តដើម្បីជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ជាពិសេស ធនធានមនុស្សផ្នែកវិជ្ជាជីវ: ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន។ 

 

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យចេះស្រឡាញ់គ្នាជួយថែរក្សាគ្នា គោរពឱ្យបានតាមបទបញ្ជផ្ទៃក្នុង វិន័យ ក៏ដូចជាច្បាប់ទម្លាប់នៅប្រទេសវៀតណាម ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់កម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិរបស់ខ្លួន។  

និស្សិតកម្ពុជាបានសំដែងនូវសេចក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ផ្តល់ឱកាស ដល់ពួកគាត់អាចបានមកសិក្សារៀនសូត្រ មានចំណេះដឹងសម្រាប់អនាគតភ្លឺស្វាងរបស់ពួកគេ។

 

គួរបញ្ជាក់ថា និស្សិតទាំង១០៨នាក់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង រយៈពេល ៤ឆ្នាំ (សិក្សាភាសារយៈពេល ១ឆ្នាំ និងជំនាញរយៈពេល ៣ឆ្នាំ) លើមុខជំនាញ៖ បច្ចេកទេស និងវិជ្ជាជីវៈ ដូចជា៖ ទំនាក់ទំនង និងបច្ចេកទេសអេឡិចត្រូនិក, ប្រៃសណីយ៍ និងទូរគមនាគមន៍, វិស្វកម្មអេឡិចត្រូនិក និងទំនាក់ទំនង, អគ្គិសនីឧស្សាហកម្ម, គ្រប់គ្រងពាណិជ្ជកម្ម, សេវាកម្មច្បាប់, គណនេយ្យអាជីវកម្ម, សវនកម្មគណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា៕

Image Gallery

{gallery}2141{/gallery}