×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2094

Print this page

យោធិន ដែលបានបញ្ចប់ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាព និងសហគមន៍របស់ខ្លួន

 សៅរ៍, 11 កុម្ភៈ 2023 13:29  |  4065 times

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ពិតជាបានជួយសម្រួលការងារជូនដល់អង្គភាពមួយផ្នែក និងជាប្រយោជន៍ជុំវីញសហគមន៍របស់ខ្លួនបានមួយកម្រិត។ 

 

តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រ ទទួលបាននូវជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម

ហេង សួរ បានថ្លែងអំណរគុណចំពោះឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន ក៏ដូចជាគ្រូឧទ្ទេស ព្រមទាំងសហការី ដែលបានផ្តល់កិច្ចសហការ ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះឡើង។ 

 

ឯកឧត្តម ហេង សួរ លើកឡើងថា ដោយមើលឃើញនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាព សម្ព័ន្ធមេត្រីភាព ដល់បណ្តាអង្គភាពកងទ័ព ប្រកបដោយជោគជ័យក៏ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  បានផ្តួចផ្តើមគំនិតថា នៅមានការងារជាច្រើនទៀតដែលយើងអាចរួមគ្នាជួយដល់ យោធិនរបស់យើង ក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយនានា។ ដោយឡែក ការផ្តល់ជំនាញបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះទៀតសោត ជាចំណេះជំនាញដ៏វិសេសវិសាលមួយ ដែលអាចឱ្យពួកគាត់ទទួលបានផលយូរអង្វែងនិងមាននិរន្តភាព សម្រាប់ជួយដល់អង្គភាពខ្លួនគាត់ផង និងក៏អាចយកទៅបំរើប្រជាពលរដ្ឋនៅជុំវិញអង្គភាពរបស់គាត់បានមួយចំណែកផងដែរ។ 

 

ឯកឧត្តម ហេង សួរ បញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា៕

Image Gallery

{gallery}2094{/gallery}