×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1957

Print this page

ការចុះឈ្មោះរៀនជំនាញបច្ចេកទេសរបស់កម្ពុជា នៅមានកម្រិតនៅឡើយ មិនទាន់បានឆ្លើយតប ទៅនឹងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់

 ព្រហស្បតិ៍, 04 សីហា 2022 16:31  |  4078 times

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា ទទួលស្គាល់ថា ការចុះឈ្មោះចូលរៀនផ្នែកជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅតែមានកម្រិត និងមិនទាន់ឆ្លើយតបនៅឡើយ សម្រាប់ផ្គត់ផ្គងកម្លាំងពលកម្មជំនាញដែលជាតម្រូវការទីផ្សារ ខណៈដែលសិស្ស និស្សិត ទទួលការសិក្សាទាំងរយៈពេលវែង និងខ្លី សរុបចំនួនប្រមាណ ជាង៥ម៉ឺននាក់ប៉ុណ្ណោះ។

 

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីលទ្ធផលនៃការអង្កេតវាស់វែងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា បញ្ហាប្រឈមនេះ មិនមែនមានតែនៅកម្ពុជាទេ ពោលគឺគ្រប់ប្រទេសទាំងអស់ អ្នកដែលចុះឈ្មោះចូលរៀននៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេស គឺមានអត្រាទាប និងគ្រប់កន្លែងទាំងអស់ ដោយមានតែប្រទេសជឿនលឿនមួយចំនួនទេ ដោយតាមរយៈនយោបាយ និងការវិនិយោគផងទេ ដែលធ្វើឲ្យការចូលរៀនមានកំណើនកើនឡើង ពីព្រោះថា តាំងពីដើមមក សង្គមគេតែងតែគិតថា ការងារប្រើកម្លាំង ដូចជាជាងសំណង់ និងជួសជុលរថយន្តជាដើម គេមិនសូវជាលើកតម្លៃច្រើនទេ។

 

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការទទួលបានការអប់រំតិចតួចក្នុងចំណោមយុវជនដែលកំពុងធ្វើការងារ កំពុងជួបប្រទះការប្រឈមទាក់ទងនឹងការវិវត្តពីការអប់រំកម្រិតបឋម ទៅកាន់មធ្យមសិក្សាដែលមានគុណភាពទាប បង្កឱ្យមានភាពមិនស៊ីគ្នាខ្លាំង នៃជំនាញដែលពួកគាត់មាន និងជំនាញដែលនិយោជកចង់បាន។

 

ទាក់ទិននិងអង្គសិក្ខាសាលានេះដែរ ឯកឧត្តម ថង សាម៉ុន ទីប្រឹក្សាអមក្រសួង និងជាអគ្គនាយករង អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានសម្របសម្រួលគម្រោង (TVET-SDP) បានបញ្ជាក់ថា ការរៀបចំសិក្សា ស្រាវជ្រាវ និងអង្កេតវាស់វែងជំនាញ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៤ រួមមាន៖ មេកានិករថយន្ត, សំណង់, អគ្គិសនី, និងវិស័យកម្មន្តសាល ដើម្បីផលិតកម្លាំងពលកម្មជំនាញឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

 

សូមជម្រាបជូនថា តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទទួលការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គភាពសម្របសម្រួលគម្រោង ក្នុងគោលបំណងដើម្បីសិក្សាឱ្យដឹងច្បាស់ពីស្ថានភាពការងារ រួមទាំងផលិតភាពការងាររបស់សិស្សដែលបានបញ្ចប់ការសិក្សា និងប្រតិសកម្ម (Feedback) ពីនិយោជក ដើម្បីជាមូលដ្ឋានយកទៅរៀបចំផែនការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ទាំងក្នុងស្រុក និងក្នុងតំបន់។

 

កម្មវិធីដែលបានធ្វើឡើងនៅឯសណ្ឋាគារសាន់វ៉េភ្នំពេញនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឋន៍អាស៊ី (ADB), លោកស្រី Sandrine boucher ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យ ឯកជន ដៃគូ អភិវឌ្ឍន៍ និង ជំនាញការជាតិ និងអន្តរជាតិប្រមាណ ១០០នាក់៕

Image Gallery

{gallery}1957{/gallery}