Print this page

ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ

 ពុធ, 29 កក្កដា 2026 09:58  |    ផ្សព្វផ្សាយដោយ MLVT  |  148 ដង

(ភ្នំពេញ)៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សានិងចែករំលែកបទពិសោធការងារជាមួយប្រតិភូនៃកម្មវិធីភាពជាអ្នកដឹកនាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (Futuru Líder ba ASEAN-FLBA) របស់ទីម័រឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទី១ នៃស្ថានទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

 

ក្នុងជំនួបនេះ លោកជំទាវ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃកម្មវិធី FLBA របស់ទីម័រឡេស្តេ និងបានលើកឡើងពីសារៈសំខាន់នៃជំនួបនាពេលនេះថា ជាឱកាសដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជំនាញ ការអភិវឌ្ឍគោលនយោបាយការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផែនការអភិវឌ្ឍន៍សំខាន់ៗ ព្រមទាំងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ។

 

លោកជំទាវបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសម្រាប់យុវជន ដោយបាននិងកំពុងបន្តពង្រឹងប្រព័ន្ធ TVET របស់ខ្លួនតាមរយៈផែនការយុទ្ធសាស្ត្រជាតិ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលជាក់ស្តែង និងសេវាកម្មព័ត៌មានទីផ្សារការងារ ដើម្បីបំពាក់ដល់សិស្សានុសិស្សនូវជំនាញទៅតាមតម្រូវការទីផ្សារកម្លាំងពលកម្ម។ 

 

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាគម្លាតជំនាញតាមរយៈការរៀនសូត្រផ្អែកលើការងារ (Work-based Learning) ការអប់រំតាមប្រព័ន្ធឆ្លាស់ (Dual Learning) ការទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីបណ្តុះបណ្តាលចល័តសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ។

 

បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីអគ្គនាយកដ្ឋាន TVET ក៏បានចែករំលែកអំពីការសិក្សាពីការអនុវត្តប្រព័ន្ធ TVET របស់ប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសដទៃទៀតដូចជាប្រទេសស្វ៊ីស ហើយយកមកអនុវត្តស្របតាមតថភាពជាក់ស្ដែងរបស់កម្ពុជាផងដែរ។ ថ្នាក់ដឹកនាំតំណាងពីបេឡាជាតិសន្តិសុខសង្គម ក៏បានជម្រាបជូនអំពីការបន្តពង្រីកកម្មវិធីសន្តិសុខសង្គម និងជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិ​យោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។

 

នាឱកាសនោះ ប្រតិភូនៃ FLBA របស់ទីម័រឡេស្តេ បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យ TVET របស់កម្ពុជា រួមមានកម្មវិធីសិក្សានានារបស់ TVET និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាការស្នើសុំផ្លាស់ប្តូរបទពិសោធ និងការត្រៀមលក្ខណៈដល់ប្រទេសទីម័រឡេស្តេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចនៃប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៩ ខាងមុខនេះផងដែរ៕

 

#MLVT #HENGSour