(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់» កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សារបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការចលនាដើម្បីសុខភាពកម្ពុជា តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងពិភាក្សាអំពីវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលទាំងនេះ សំដៅលើកកម្ពស់សុខុមាលភាពសិក្ខាកាម សិស្ស និសិ្សត នៅតាមគ្រឹះស្ថានធីវេត និងកម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់ការអប់រំ ជំនាញវិជ្ជាជីវៈ និងសុខភាពសាធារណៈ។ ក្រសួង បានបន្តអនុវត្តវិធានការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិត សិក្ខាកាម គ្រឹះស្ថានធីវេត (TVET)និងកម្មករនិយោជិត នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា និងសេចក្ដីណែនាំនានា និងការផ្សព្វផ្សាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក្រសួងបានសហការជាមួយក្រសួងសុខាភិបាល ផ្សព្វផ្សាយអំពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ គ្រឿងស្រវឹង គ្រឿងញៀន និងជំងឺមិនឆ្លង ព្រមទាំងជំរុញឱ្យកម្មករនិយោជិតអនុវត្តទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។
ក្នុងកិច្ចប្រជុំ អ្នកជំនាញពីអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងខ្លឹមសារនៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ ដោយលើកឡើងពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិត និងកាតព្វកិច្ចរបស់កម្ពុជា។ អង្គប្រជុំបានពិភាក្សាលើវិធានការទប់ស្កាត់ និងឯកភាពបន្តពង្រឹងការផ្សព្វផ្សាយ ការបង្ការ និងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ព្រមទាំងពង្រីកសកម្មភាពអប់រំសុខភាពនៅតាមគ្រឹះស្ថានធីវេតដើម្បីលើកទឹកចិត្តយុវជនឱ្យចៀសឆ្ងាយពីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិកគ្រប់ប្រភេទ និងលើកកម្ពស់សុខភាពសាធារណៈ។
ជាមួយគ្នានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ ណែនាំនិងលើកទឹកចិត្តតំណាងអង្គភាពក្រោមឱវាទក្រសួងឱ្យខិតខំបន្តពង្រឹងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ និងបង្កើនការត្រួតពិនិត្យការអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ នៅតាមគ្រប់អង្គភាពក្រោមឱវាទក្រសួង គ្រឹះស្ថានធីវេត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅចូលរួមការពារសុខភាពសាធារណៈ ដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍប្រទេស៕

#MLVT #HENGSour