Print this page

ក្រុមការងារទេសន្តរប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់​

 អង្គារ, 30 មិថុនា 2026 18:56  |    ផ្សព្វផ្សាយដោយ MLVT  |  80 ដង

​(ភ្នំពេញ)៖​ ឯកឧត្តម ​សេង សក្តា​ រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ​ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាកំណត់ទិសដៅអនុវត្តបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក និងសមាជិកា នៃក្រុមការងារទេសន្តរប្រវេសន៍ តំណាងមកពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល សមាគមនិយោជក និងអង្គការអន្តរជាតិ សរុបចំនួន ៤៣នាក់ ក្នុងនោះស្ត្រី ១២នាក់។

 

​កិច្ចប្រជុំនេះមានគោលបំណង​ពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមការងារទេសន្តរប្រវេសន៍ កំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើជួញដូរមនុស្សក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ។

ក្នុងឱកាសនោះ ឯកឧត្តម ​សេង សក្តា​ បានមានប្រសាសន៍ថា អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារទេសន្តរប្រវេសន៍ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង ការបង្ការ ការទប់ស្កាត់ ការបង្ក្រាប និងការជួយគាំទ្រជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ដើម្បីដាក់ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងអនុម័ត។

 

ជាមួយគ្នានេះ អង្គប្រជុំក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តការងាររវាងភាគីពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ៕

#MLVT #HENGSour