(ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងទិវា TVET ឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាងអង្គទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគម សហជីព និងវិស័យឯកជន និងអ្នកពាក់ព័ន្ធប្រមាណ ១ ១០០នាក់។
ក្នុងទិវាដ៏មានអត្ថន័យនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូនសម្តេចធិបតី និងអង្គពិធីអំពីវឌ្ឍនភាពនៃវិស័យ TVET ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា កម្មវិធីសិក្សា និងសមត្ថភាពនៃការបណ្តុះ បណ្តាលជំនាញ។ គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងទាំង ២៦២ កំពុងផ្តល់ការបណ្តុះបណ្តាលក្នុងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណ ៦៩,៨ម៉ឺននាក់ ក្នុងនោះកម្មវិធី TVET បណ្តុះបណ្តាលសិស្សសរុបជាង ២៧ម៉ឺននាក់ដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងក៏កំពុងខិតខំប្រឹងប្រែងក្នុងការធ្វើបដិវត្តកម្មប្រព័ន្ធ TVET ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអភិក្រម សម្តេចធិបតី គឺសិស្សត្រូវរៀន «ឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ព្រមទាំងបេ្តជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ផលិតភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ និងឥរិយាបទការងារល្អ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ និងបច្ចេកវិទ្យាថ្មីៗ។ ការកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិ TVET ជាពិសេស ការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការការផ្សព្វផ្សាយ ការលើកទឹកចិត្ត និងចំណាប់អារម្មណ៍សិស្សនិស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និងផ្នែកឯកជនបានយល់ដឹងកាន់តែទូលំទូលាយពី TVET។
ថ្លែងនៅក្នុងទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះទិវាជាតិ TVET ដោយចាត់ទុកប្រធានបទឆ្នាំនេះ ពិតជាបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងឥរិយាបថ សមត្ថភាពច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចបានគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឬមិនទុកឱ្យយុវជន ប្រជាពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»។ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស» ហើយ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស» គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស»។
សម្តេចបានបញ្ជាក់អំពីកត្តាសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ និងត្រូវពង្រីកការផ្សព្វផ្សាយដោយផ្ទាល់នៅមូលដ្ឋាន ដើម្បីពលរដ្ឋបានយល់ដឹងអំពីកម្មវិធីទូលំទូលាយ ហើយត្រូវធ្វើយ៉ាងណាផ្តោតការយកចិត្តទុកដាក់លើគុណភាពជាចម្បង បើទោះបីជាពុំអាចសម្រេចបាននូវចំនួនកំណត់ ១,៥លាននាក់ក៏ដោយ ក៏យើងអាចបន្តធ្វើនៅអាណត្តិក្រោយៗទៀតដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងដៃគូពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងអនុវត្តនូវការងារអាទិភាពនេះ និងស្នើឱ្យរួមគ្នាបន្តស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីតម្រង់ទិស និងបង្កើនប្រសិទ្ធភាព ជាមួយនឹងការផ្តល់អនុសាសន៍គន្លឹះចំនួន ៦ចំណុចដល់ក្រសួងការងារផងដែរ ដើម្បីធានានូវប្រសិទ្ធភាព បរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។
សូមបញ្ជាក់ថា កម្មវិធីរយៈពេល២ថ្ងៃ នៅកោះពេជ្រ មានការតាំងបង្ហាញស្នាដៃខ្សែច្រវាក់ផលិតកម្ម និងផលិតផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ឱកាសសិក្សាជំនាញ ឱកាសការងារ ព័ត៌មានពីការធ្វើតេស្ត RPL ការចែករំលែកបទពិសោធល្អៗពីវាគ្មិនជាតិ-អន្តរជាតិ និងមានស្តង់ពិព័រណ៍ជាង ២០០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃវិស័យ TVET និងការណែនាំមុខជំនាញអាទិភាព ក៏ដូចជាការតាំងបង្ហាញនៃគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនផងដែរ៕
#MLVT #HENGSour #TVET