Print this page

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដានវឌ្ឍនភាពរបស់សិស្ស និងសហរចនាលើដំណើរការសិក្សា» ដើម្បីពង្រឹងគុណភាព TVET

 ច័ន្ទ, 25 ឧសភា 2026 21:37  |    រៀបរៀងដោយ MLVT  |  280 ដង

​(ភ្នំពេញ)៖​ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដានវឌ្ឍនភាពរបស់សិស្ស និងសហរចនាលើដំណើរការសិក្សា»។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន និងភាគីពាក់ព័ន្ធជាច្រើនរូប។

 

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ​បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់រយៈពេល ៤ ថ្ងៃនេះផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. បង្កើតការយល់ដឹងរួមគ្នាក្រោមក្របខ័ណ្ឌវិភាគ និងសូចនាករសំខាន់ៗនៃការសិក្សាតាមដាន ទី២. ពិនិត្យ និងវាយតម្លៃប្រព័ន្ធទិន្នន័យរដ្ឋបាលដែលមានស្រាប់ ដើម្បីកំណត់ឱកាសសម្រាប់កិច្ចអន្តរប្រតិបត្តិការ ទី៣. ពង្រឹងកិច្ចសម្របសម្រួល និងកំណត់តួនាទីទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធ និងទី៤. ឯកភាពលើវិធីសាស្ត្ររួម រាប់ចាប់ពីការជ្រើសរើសក្រុមគោលដៅ រហូតដល់ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តនៅតាមបណ្ដាវិទ្យាស្ថាននានា។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាសិក្ខាសាលានេះក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈនៃការអភិវឌ្ឍជំនាញនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ផលិតភាពកម្លាំងពលកម្ម។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការសិក្សាតាមដាន មិនមែនជាសកម្មភាពដាច់ដោយឡែកនោះឡើយ ប៉ុន្តែវាជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកែលម្អប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងមូល ដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងពីការសន្មត ទៅជាការសម្រេចចិត្តដែលផ្អែកលើភស្ដុតាងជាក់ស្ដែង។ បន្ថែមពីនេះ គោលដៅចុងក្រោយ គឺការធានាឱ្យគ្រប់គ្រឹះស្ថាន TVET ទាំងអស់ អាចអនុវត្តការសិក្សាតាមដាននេះជាមុខងារស្ថាប័នជាប្រចាំ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ និងពង្រឹងកិច្ចការអប់រំប្រកបដោយនិរន្តរភាព។

 

​ឯកឧត្តមបណ្ឌិត គួច សុមាន បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូលនឹងពិភាក្សាគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាឱ្យកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពខ្ពស់នាពេលអនាគត៕

 

#MLVT #HENGSour