Print this page

ក្រសួងការងារ និងក្រុមហ៊ុន Daikin របស់ជប៉ុន កំពុងពង្រីកភាពជាដៃគូ ដោយដាក់គោលដៅរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សផ្តោតលើសមត្ថភាពផ្នែកបរិក្ខារត្រជាក់

 ព្រហស្បតិ៍, 21 ឧសភា 2026 20:00  |    រៀបរៀងដោយ MLVT  |  96 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែកប្រតិបត្តិការសកលនៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបរិក្ខារត្រជាក់នាពេលអនាគត ព្រមទាំងពង្រឹងគំនិតផ្ដួចផ្ដើមវិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជនផងដែរ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ ជាក់ស្តែង ការសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយ គីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) កាលពីខែមេសាកន្លងមក បានធ្វើឱ្យវិទ្យាស្ថាននេះក្លាយជាស្ថាប័នអប់រំឈានមុខគេមួយ ហើយដែលភាពជាដៃគូនេះកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់គ្រូ អភិវឌ្ឍន៍កម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលប្រ​កបដោយគុណភាពដល់សិស្ស ធ្វើឱ្យពួកគេទទួលបានការងារល្អ និងប្រាក់ខែសមរម្យពេលបញ្ចប់ការសិក្សា។  

 

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កម្ពុជាកំពុងតែវិនិយោគយ៉ាងច្រើនលើកម្មវិធី TVET ដើម្បីបំពាក់ជំនាញឱ្យស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងឧស្សាហកម្មនៃប្រ​ព័ន្ធកម្ដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC)។  ឯកឧត្តមគូសបញ្ជាក់ថា TVET គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រកម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មីស្របតាមតម្រូវការឧស្សាហកម្ម។ មហិច្ឆតាកម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ គឺពឹងផ្អែកលើការកសាងកម្លាំងពលកម្មទំនើបដែលមានជំនាញរឹងមាំ និងសមស្របសម្រាប់សេដ្ឋកិច្ចដែលកំពុងវិវត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកធនធានមនុស្សជាចំណុចស្នូលមួយនៃការអភិវឌ្ឍជាតិ។

 

ជាការឆ្លើយតប លោក អូម៉ូរី ជូនិឈិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌល ដាយ គីន ដូចូ នៅវិទ្យាស្ថាន ITI។ លោកបញ្ជាក់ថា ឧស្សាហកម្ម និងការបណ្តុះបណ្តាលផ្នែក HVAC គឺពិតជាមានសារៈសំខាន់ណាស់ ហេតុនេះក្រុមហ៊ុនចង់ពង្រីកសកម្មភាពនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏មិនមែនគ្រាន់តែលក់ឧប​ករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មក្រោយការលក់ ដែលធ្វើឱ្យមានតម្រូវការអ្នកបច្ចេកទេសប្រ​កបដោយ​ចំណេះដឹងត្រឹមត្រូវ ជាពិសេសផ្តល់សេវាកម្មក្រោយការលក់ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ផាសុកភាពល្អជាងមុនដល់ប្រជាពលរដ្ឋ។

 

ឯកឧត្តម ហេង សួរ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Daikin Industries Ltd កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែមានជំនាញផ្នែកម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេក្នុងការផ្តល់ដំណោះស្រាយប្រកបដោយចីរភាពបរិស្ថានផងដែរ។

 

ភាគីទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏គំរូមួយដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុន និងទីផ្សារការងារដែលនឹងជួយពង្រឹងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ និងធនធានមនុស្សរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា៕

 

#MLVT #HENGSour #TVET