Print this page

បទពិសោធន៍កម្ពុជាបានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយ គឺអាស្រ័យលើការប្តេជ្ញាចិត្ត ចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ

 ព្រហស្បតិ៍, 26 មីនា 2026 13:37  |    Written by MLVT  |  87 times

(ភ្នំពេញ)៖ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍បានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយគឺអាស្រ័យលើការប្តេជ្ញាចិត្តចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាគីនិយោជក និងបងប្អូនកម្មករនិយោជិតផ្ទាល់។ 

 

ក្នុងវេទិកាដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណចំពោះឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកស្រី Froukje Boele ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានសហការរៀបចំវេទិកានាពេលនេះ ជាវេលាដ៏សមស្របមួយខណៈស្ថានភាពពិភពលោកកាន់តែមិនប្រាកដប្រជា និងជះផលអវិជ្ជមានជាច្រើនលើសេដ្ឋកិច្ច ដែលតម្រូវឱ្យយើងកាន់តែរួមគ្នាជម្នះរាល់ឧបសគ្គស្វែងរកដំណោះស្រាយ ដើម្បីអាចរក្សាបាននូវបរិយាកាសវិនិយោគ និងរក្សាបាននូវការងារជូនបងប្អូនកម្មករនិយោជិត ជាពិសសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (GFT)។ 

ការពង្រឹងការស្វែងយល់ពីគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងសុខដុមរមនា គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។ ភាពជាដៃគូនេះបានវិវត្តទៅជាគំរូដែលទទួលស្គាល់ជាសកល ដោយផ្តល់នូវការកែលម្អជាក់ស្តែងនៅក្នុងលក្ខខណ្ឌការងារ ការអនុលោមតាមច្បាប់ស្តីពីការងារ និងតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ 

 

ឯកឧត្តមបញ្ជាក់ថា កម្ពុជាបន្តពង្រឹងយន្តការទ្វេរភាគី យន្តការត្រីភាគី យន្តការត្រីភាគីបូក ដើម្បីបង្កើតបាននូវវប្បធម៌កិច្ចសន្ទនាសង្គម ជាពិសេសនៅកម្រិតសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីធានាបាននូវភាពសុខុដុមនីកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ ក្រសួងក៏ពង្រឹងប្រព័ន្ធអធិការកិច្ចការងារ ដើម្បីបង្កើនការអនុលោមតាមច្បាប់ស្តីពីការងារ និងលើកកម្ពស់លក្ខខណ្ឌការងារ, សុវត្ថិភាពនិងសុខភាពការងារ និងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុសញ្ញាលេខ ៨៧ និង ៩៨ ដោយគិតត្រឹមខែកុម្ភៈឆ្នាំ២០២៦ អង្គការវិជ្ជាជីវៈចំនួន ៦ ៨៩០បានចុះបញ្ជី។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យបន្តលើកទឹកចិត្តតួអង្គទាំងអស់ឱ្យចូលរួមប្រកបដោយន័យស្ថាបនាក្នុងយន្តការសន្ទនាសង្គមនៅគ្រប់កម្រិត, បន្តវិនិយោគលើការកសាងសមត្ថភាព ដើម្បីធានាថាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងសុចរិតភាព ,ម្ចាស់ម៉ាកល្បីៗ និងអ្នកបញ្ជាទិញ គួរដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងវប្បធម៌អនុលោមភាព ដើម្បីធានាថាកម្ពុជានៅតែធានាបានភាពប្រកួតប្រជែង និងជាប្រទេសដែលប្រភពទំនិញប្រកបដោយការទទួលខុសត្រូវសង្គម។

 

នាឱកាសនោះដែរ ឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកស្រី Froukje Boele ប្រធានគម្រោង ILO-BFC បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលកើតចេញពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល និយោជក និងសហជីព ក្នុងការពង្រឹងវិស័យផលិតកម្ម និងលើកកម្ពស់សិទ្ធិកម្មករនិយោជិត តាមរយៈសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការ។ ពួកគាត់ប្តេជ្ញាគាំទ្រក្នុងការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ ដែលជួយបង្កើនផលិតភាព និងស្ថិរភាពការងារ ព្រោះថាការចូលរួមរបស់ភាគីទាំងអស់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី នឹងជួយបន្តលើកកម្ពស់វិស័យនេះឱ្យមានចីរភាព។

#MLVT #HENGSour