(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់ជ័យលាភីនៃគម្រោងសមភាពយេនឌ័រ និងការត្រឡប់មកវិញ (GEAR) នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី Froukje Boele (ហ្វ្រោកឃា ប៊ូឡឺ) នាយកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ព្រមទាំងតំណាងរដ្ឋាភិបាលអូស្ត្រាលី តំណាងអង្គការវិជ្ជាជីវៈ តំណាងរោងចក្រ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រក្នុងការដឹកនាំ» ដោយគោលបំណងសំខាន់ៗចំនួន២៖ ទី១-ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធ ក្នុងស្មារតីអបអរសាទរទិវាអន្តរជាតិនារី និងទី២-ដើម្បីបង្ហាញពីឥទ្ធិពលនៃគម្រោងសមភាពយេនឌ័រ និងការត្រឡប់មកវិញ (GEAR) តាមរយៈការអបអរសាទរដល់សិក្ខាកាមជ័យលាភី និងការបើកទទួលចុះឈ្មោះសម្រាប់ក្រុមមេដឹកនាំស្ត្រីវគ្គថ្មី នាពេលអនាគត។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង ILO-BFC និងដៃគូអភិវឌ្ឍន៍នានា ដែលបានជ្រោមជ្រែងសមត្ថភាពស្ត្រីកម្ពុជា។ លោកជំទាវបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យក «ស្ត្រីគឺជាស្នូល» រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារយ៉ាងម៉ឺងម៉ាត់ ដូចជា ការផ្តល់ប្រាក់ឧបត្ថម្ភមាតាបិតា និងការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ ដើម្បីបង្កបរិយាកាសអំណោយផលឱ្យស្ត្រីអាចបញ្ចេញនូវសក្តានុពលដឹកនាំរបស់ខ្លួន។
ជាការសង្កត់ធ្ងន់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានជំរុញឱ្យបង្កើនវត្តមានស្ត្រីក្នុងតួនាទីដឹកនាំក្នុងវិស័យកាត់ដេរ ដោយហេតុថា ការបង្កើនវត្តមានស្ត្រីក្នុងតួនាទីគ្រប់គ្រង មិនត្រឹមតែជារឿងយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញផលិតភាពការងារ និងពង្រឹងសេដ្ឋកិច្ចជាតិទាំងមូល។
លើសពីនេះ លោកជំទាវក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកបញ្ជាទិញអន្តរជាតិទាំងអស់ សូមបន្តជឿជាក់និងបើកឱកាសឱ្យស្ត្រីបានចូលរួមក្នុងកម្រិតសម្រេចចិត្ត ព្រោះជោគជ័យរបស់ស្ត្រី គឺជាជោគជ័យនៃវិស័យកាត់ដេរទាំងមូល។
ពាក់ព័ន្ធនឹងជ័យលាភីនៃគម្រោងសមភាពយេនឌ័រ និងការត្រឡប់មកវិញ (GEAR) លោកជំទាវរដ្ឋលេខាធិការប្រចាំការ និងលោកស្រីនាយកគម្រោង ILO-BFC ក៏បានសម្តែងនូវមោទនភាពចំពោះកម្មការិនីជាង១០០នាក់ ដែលបានបញ្ចប់ការសិក្សាពីគម្រោង GEAR ដែលជាគម្រោងទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងផ្លាស់ប្តូរតួនាទីស្ត្រីពីអ្នកបញ្ជាម៉ាស៊ីនដេរឱ្យក្លាយជាអ្នកដឹកនាំក្នុងរោងចក្រ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តល់អនុសាសន៍ឱ្យសិក្ខាកាមជ័យលាភីទាំងអស់ សូមបន្តអភិវឌ្ឍខ្លួនលើផ្នែកអក្ខរកម្មឌីជីថល ដើម្បីដើរឱ្យទាន់បរិវត្តកម្មឧស្សាហកម្ម៕

#MLVT #HENGSour