×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2785

Print this page

លោកជំទាវ សុវណ្ណ វណ្ណារតន៍៖ ការគ្រប់គ្រងកាកសំណល់នៅតាមសហគ្រាស គ្រឹះស្ថាន គឺជាកិច្ចការមួយដែលក្រសួងការងារបាននិងកំពុងយកចិត្តទុកដាក់

 ព្រហស្បតិ៍, 15 សីហា 2024 17:39  |    Written by MLVT  |  1066 times

(កំពង់ស្ពឺ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការគ្រប់គ្រងកាកសំណល់នៅតាមសហគ្រាស គ្រឹះស្ថាន គឺជាកិច្ចការមួយដែលក្រសួងការងារ បាននិងកំពុងយកចិត្តទុកដាក់ តាមរយៈយន្តការអធិការកិច្ចការងារ ដោយបានជំរុញដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងការគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់ និងកាកសំណល់ធម្មតាប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន សំដៅធានាបាននូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។ 

 

ការលើកឡើងដូចនេះ គឺក្នុងឱកាសដែលលោកជំទាវ សុវណ្ណ វណ្ណារតន៍ ជាតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាសិ្ទក  នៅតាមសហគ្រាស គ្រឹះស្ថាន ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន។  

 

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់បន្ថែមថា ក្រៅពីវិធានការខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពីការកែលម្អការងារដើម្បីគ្រប់គ្រងកាកសំណល់ និងប្រើប្រាស់ឡើងវិញ (Work Adjustment for Recycling and Managing Waste – WRAM) ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ដែលជាកម្មវិធីអប់រំរបស់អង្គការអន្តរជាតិខាងការងារ(ILO) និងផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារ និងប្រសិទ្ធភាពក្នុងគ្រប់គ្រងកាកសំណល់សម្រាប់អ្នកប្រមូលសំរាម និងសហគមន៍ផងដែរ។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានស្នើដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដូចជា ទី១. ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអំពីយុទ្ធនាការនេះ ដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ឱ្យបានទូលំទូលាយ ដើម្បីចូលរួមគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ទី២. បង្កើតកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីកិច្ចការពារបរិស្ថានដល់កម្មករនិយោជិត, ការគ្រប់គ្រង និងបែងចែកកាកសំណល់ដែលមានគ្រោះថ្នាក់ និងអាចកែច្នៃបាន។

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់អធិការការងារ ត្រូវជំរុញការត្រួតពិនិត្យការគ្រប់គ្រងប្លាសិ្ទកនៅកន្លែងធ្វើការ ស្របតាមយន្តការអធិការកិច្ចការងារដែលមានស្រាប់ និងត្រូវចាត់ទុកជាលក្ខខណ្ឌវិនិច្ឆ័យដ៏សំខាន់មួយ សម្រាប់ការវាយតម្លៃពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដើម្បីជំរុញយុទ្ធនាការនេះបន្ថែមទៀតផងដែរ។ 

 

គួរបញ្ជាក់ថា ការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាសិ្ទក នៅតាមសហគ្រាស គ្រឹះស្ថាន ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសហគ្រាស គ្រឹះស្ថាន” ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថានបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ៕

 

#MLVT #HENGSour

Image Gallery

{gallery}2785{/gallery}