(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០» នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការនេះ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេស ការគាំទ្រដល់ការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តគម្រោងនេះ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២៤ ដោយមានគោលបំណងលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែស្របតាមទិសដៅអាទិភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។
តាមរយៈការអនុវត្តគម្រោងនេះផងដែរ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងអាចបង្កើតកម្លាំងពលកម្មជំនាញកាន់តែច្រើនលើជំនាញមេកានិកឧស្សាហកម្ម, ជំនាញផ្សាអគ្គិសនី និងជំនាញសំណង់ ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងតម្រូវការទីផ្សារការងាររបស់សាធារណរដ្ឋកូរ៉េ ។

លោកស្រី ឆយ ម៉ូន ជុង បានបង្ហាញនូវការពេញចិត្តចំពោះការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោង ដែលមានគោលដៅរួម គឺធានាឱ្យសិស្ស-និស្សិតកម្ពុជាអាចបង្កើនជំនាញវិជ្ជាជីវៈបានយ៉ាងពេញលេញទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅសាលា។ គម្រោងនេះ មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលសិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ពួកគេទៅនឹងឱកាសការងារនៅក្រៅប្រទេស ព្រោះថាគម្រោងនេះក៏នឹងផ្តល់នូវបទពិសោធកម្រិតស្តង់ដាឧស្សាហកម្មសកលទៀតផង។
ជាមួយនឹងការថ្លែងអំណរគុណដល់ KOICA និងក្រុមការងារជំនាញទាំងអស់ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការបង្កើតឱ្យមានគម្រោង ដែលនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បាន សំណូមពរដល់ KOICA សូមជួយបង្កើនសមត្ថភាពភាសាកូរ៉េដល់សិស្ស-និស្សិតកម្ពុជា ដើម្បីឱ្យពួកគេងាយស្រួលយល់ដឹងអំពីមេរៀន ក៏ដូចជាទទួលបានចំណេះដឹងពេញលេញពីការបណ្តុះបណ្តាលនៅសាលាផងដែរ៕

#MLVT #HENGSour