Print this page

ក្រសួងការងារគ្រោងចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស

 អង្គារ, 27 មករា 2026 20:23  |  141 times

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ជាលទ្ធផលនៃជំនួបនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

MoU ដែលគ្រោងនឹងចុះហត្ថលេខានេះ គឺផ្តោតសំខាន់ទៅលើការបង្កើតកិច្ចសហការលើការកសាងសមត្ថភាព ការតភ្ជាប់ជាមួយឧស្សាហកម្ម ជាពិសេសកិច្ចសហការនេះ នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលឱកាសបណ្ដុះបណ្ដាល តាមរយៈការរៀនជំនាញ និងការផ្លាស់ប្ដូរជំនាញទៅវិញទៅមករវាងកម្ពុជា និងអូស្ដ្រាលី ដើម្បីអាចទទួលបានការងារលើជំនាញអាទិភាពនៅប្រទេសអូស្ដ្រាលី។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ជាពិសេសការអភិវឌ្ឍលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ ហើយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ 

គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មទីក្រុង Geelong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះលទ្ធផលដែលសម្រេចបានពីជំនួបនេះ ក៏ដូចជាបានកោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដោយសង្ឃឹមថាកិច្ចសហការនេះ ក៏នឹងជួយដោះស្រាយការខ្វះខាតកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសអូស្រ្តាលី។  

 

លោក Jeremy Crawford បានលើកឡើងថា អូស្ត្រាលីមានប្រព័ន្ធអប់រំដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ប៉ុន្តែបញ្ហាប្រឈមដែលលោកបានកត់សម្គាល់នាពេលកន្លងមក នោះគឺបម្រែបម្រួលនៃការកំណត់ជំនាញបច្ចេកទេសដែលខ្វះខាត នៅក្នុងប្រទេសអូស្ត្រាលី ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការរៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ អាចមានភាពបត់បែនទៅតាមបម្រែបម្រួលនេះបាន។

ជាមួយគ្នានេះ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថាកិច្ចសហការនេះនឹងទទួលបានលទ្ធផលជាទីមោទនៈ ដែលកើតចេញពីកិច្ចពិភាក្សាប្រកបដោយបរិយាកាសរីករាយនេះ ព្រមទាំងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការនាពេលអនាគតជាច្រើនបន្ថែមទៀត ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសទាំងពីរ៕

 

#MLVT #HENGSour