Print this page

ក្រសួងការងារបាននាំក្រុមហ៊ុនទៅផ្តល់ឱកាសការងារជាង៤ ពាន់កន្លែង ដោយផ្ទាល់ជូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ នៅស្រុកបវេល ខេត្តបាត់ដំបង

 សៅរ៍, 24 មករា 2026 22:51  |  180 times

(បាត់ដំបង)៖ ក្នុងស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅស្រុកបវេល ខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនអតីតពលករ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបានការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។

 

នាឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែណែនាំឱ្យក្រសួងការងារ ដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនពលករ ដើម្បីឱ្យមានឱកាសការងារ និងអនាគតដ៏ភ្លឺស្វាងនៅក្នុងស្រុកកំណើត មិនចាំបាច់ចំណាកស្រុកទៅឆ្ងាយឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីដំណឹងល្អសម្រាប់បងប្អូនក្នុងខេត្តបាត់ដំបងថា បច្ចុប្បន្នមានក្រុមហ៊ុន និងសហគ្រាសជាច្រើនកំពុងត្រូវការកម្លាំងពលកម្មសរុបប្រមាណ ៤ ៥០០ នាក់ លើមុខជំនាញផ្សេងៗគ្នារួមមាន រោងចក្រ សាន ហ្វេង(ខេមបូឌា)ខមភេនី លីមីធីត មានចំនួន ១ ២០០ នាក់, រោងចក្រ អេហ្វ យូជី ហ្គាមិន ឯ.ក មានចំនួន ៥០០ នាក់, រោងចក្រ វើរីណូ មេនូហ្វេកធឺរីង(ខេមបូឌា) ឯ.ក មានចំនួន ១ ៥០០ នាក់, រោងចក្រហ្វអេវើ អេហ្វយូជី ហ្គាមិន ឯ.ក មានចំនួន ១ ០០០នាក់   និងរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក មានចំនួន ៣០០ នាក់ ដែលនេះគឺជាឱកាសមាសសម្រាប់បងប្អូនក្នុងការជ្រើសរើសការងារដែលសមស្របនឹងសមត្ថភាព។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.) រួមមាន៖ (១)ផ្នែកថែទាំសុខភាព៖ បងប្អូនទទួលបានការពិនិត្យ និងព្យាបាលជំងឺ ឬគ្រោះថ្នាក់ការងារ នៅតាមមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់ ដែលជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានយ៉ាងច្រើន។ (២)ផ្នែកសោធននិវត្តន៍៖ ធានានូវសន្តិសុខសេដ្ឋកិច្ចនៅពេលចាស់ជរា ដោយបងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ប្រចាំខែសម្រាប់ចិញ្ចឹមជីវិត ដូចមន្ត្រីរាជការដែរ។ (៣)ផ្នែកហានិភ័យការងារ៖ ផ្ដល់ការគាំពារ និងប្រាក់បំណាច់ផ្សេងៗ ក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុក្នុងពេលបំពេញការងារ ឬពេលធ្វើដំណើរ។ ជាមួយគ្នានេះ ការងារក្នុងស្រុកជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។

បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជន និងបងប្អូនពលករ ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សូមបងប្អូនជឿជាក់លើការងារក្នុងស្រុក ព្រោះវាជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅបំផុត»។

 

ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងដែលសម្ដេចធិបតីយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ៕

#MLVT #HENGSour