Print this page

កុមារ និងក្រុមគ្រួសារគោលដៅដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារមកពី៤ស្រុក នៃខេត្តត្បូងឃ្មុំ ទទួលបាននូវសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ និងកញ្ចប់វគ្គបំណិនជីវិត

 ពុធ, 10 ធ្នូ 2025 11:24  |  299 times

 

(ខេត្តត្បូងឃ្មុំ)៖ ស្រុកចំនួន៤ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកអូររាំងឪ បានទទួលនូវសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ពូជសត្វ ពូជបន្លែ និងពូជមាន់ សម្រាប់ជួយដល់កុមារ និងក្រុមគ្រួសារគោលដៅ ចំនួនសរុប៩០នាក់ ក្នុងនោះកុមារទប់ស្កាត់ការការពារចំនួន៥០នាក់ និងកុមារបន្តការគាំពារចំនួន៤០នាក់ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅសាលាបឋមសិក្សាទួលវិហារ ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

 

លោកជំទាវ ស៊ើង សរសុចិត្តា  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់បន្តតាមដានវាយតម្លៃអំពីវឌ្ឍនភាពនៃការអប់រំកុមារ ដើម្បីកំណត់ភាពគង់វង្សនៃការសិក្សារបស់កុមារ ជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយដែលគ្មានពលកម្មកុមារ និងនិរន្តរភាពនៃវិស័យណាមួយគ្មានពលកម្មកុមារនៅក្នុងស្រុកមួយចំនួន។

 

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេខាធិការ ស្នើឱ្យមានការចូលរួមតាមជំនាញ និងជំរុញការផ្សព្វផ្សាយទៅគ្រប់វេទិកាសាធារណៈ និងក្នុងកម្មវិធីនានានៅក្នុងមូលដ្ឋាន សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារផងដែរ ខណៈក្រសួងមានប្រព័ន្ធ Hotline ១២៨៦ និងប្រអប់បណ្តឹងអនាមិក សម្រាប់រាយការណ៍ករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ និងប្រព័ន្ធ Hotline ១២៩៧ សម្រាប់សាធារណជនទាក់ទងក្នុងករណីមានបំណងស្វែងរកការងារធ្វើ៕

 

#MLVT #HENGSour