Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញឱ្យសហជីពបន្តចូលរួមលើកកម្ពស់លក្ខខណ្ឌការងារតាមរយៈការស្វែងយល់អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)

 ច័ន្ទ, 27 តុលា 2025 21:15  |  298 times

 

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ប្រសិទ្ធភាព ទិន្នន័យនិងរបាយការណ៍គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាឆ្លើយតបទៅនឹងសិទ្ធិសេរីភាពសហជីព” ដែលត្រូវបានសហការរៀបចំដោយសហព័ន្ធសហជីពកម្ពុជា (CATU) និង អង្គការ សូលីដា ស្វីស ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូនអង្គសិក្ខាសាលាដែលជាថ្នាក់ដឹកនាំសហជីពមូលដ្ឋានរបស់សហព័ន្ធសហជីពកម្ពុជាអំពីសាវតារនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ ក្រោមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគពីបរទេសតាមរយៈការផ្សារភ្ជាប់លក្ខខណ្ឌការងារទៅនឹងពាណិជ្ជកម្មអន្តរជាតិ។ ភាពរីកចម្រើននៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតសម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាសក្ខីភាពនៃភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានធ្វើឱ្យអ្នកបញ្ជាទិញអន្តរជាតិទទួលស្គាល់ស្តង់ដាទំនិញរបស់កម្ពុជាជាទំនិញដែលត្រូវបានផលិតឡើងដោយមានការគោរពសិទ្ធិការងារស្របតាមបទដ្ឋានអន្តរជាតិខាងការងារ។ 

 

ទន្ទឹមនឹងនេះ លោកជំទាវក៏បានបន្ថែមផងដែរថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាគឺជាយន្តការបំពេញបន្ថែមលើយន្តការអធិការកិច្ចការងារក្នុងការជំរុញឱ្យនិយោជកចូលរួមអនុវត្តលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ។ 

 

លោកជំទាវ បានលើកទឹកចិត្តឱ្យសហជីពមូលដ្ឋានទាំងអស់ចូលរួមកសាងសមត្ថភាពដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យបានកាន់តែប្រសើរក្នុងការលើកកម្ពស់លក្ខខណ្ឌការងារតាមរយៈការសិក្សាស្វែងយល់អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំដៅសម្រេចឱ្យបានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕ 

 

#MLVT #HENGSour