(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន១៥១សហព័ន្ធ ប្រចាំខែឧសភា ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការទទួលបាននូវព័ត៌មានជាក់លាក់ពីមូលដ្ឋានសហគ្រាស គ្រឹះស្ថានអំពីស្ថានភាពលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវ: សំដៅពិនិត្យដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត ក្នុងការងារបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត។
ឯកឧត្ដមរដ្ឋលេខាធិការ ងុយ រិទ្ធ បានថ្លែងថា៖ «ការសំណេះសំណាលនេះ គឺដើម្បីពង្រឹងភាពជាដៃគូ ក៏ដូចជាបន្តចូលរួមជំរុញចលនាជាតិ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលក្នុងឱកាសអបអរសាទរខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ សម្ដេចធិបតីបានប្រគល់ពានរង្វាន់ជូនសហគ្រាសមួយជាសហគមន៍សុខសាន្តមួយចំនួន៣៦សហគ្រាស ដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង៨។
ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់បងប្អូនសហព័ន្ធសហជីពត្រូវយកចិត្តទុកដាក់ជួយដល់សមាជិកខ្លួនប្រកបដោយតម្លាភាព និងវិជ្ជាជីវ: ហើយបន្តខិតខំពង្រឹងការកសាងសមត្ថភាពជួយដល់សមាជិកប្រកបដោយវិជ្ជាជីវៈកាន់តែមានប្រជាប្រិយភាព ដែលធ្វើឱ្យបងប្អូនកម្មករនិយោជិតមានទំនុកចិត្ត ដែលប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ រហូតមកដល់សម្ដេចធិបតី បានផ្ដល់ការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតឱ្យទទួលបាននូវសិទ្ធិ និងអត្ថប្រយោជន៍ដ៏ច្រើន រួមទាំងអត្ថប្រយោជន៍សន្តិសុខសង្គម កិច្ចគាំពារ និងជំនាញវិជ្ជាជីវៈ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរមូលដ្ឋានបាននិងកំពុងអនុវត្តនូវអនុសាសន៍ទាំងអស់ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានធានា និងផ្ដល់ជូននូវកិច្ចគាំពារសង្គម ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនកម្មករនិយោជិតដែលកំពុងខ្វះខាតជំនាញ ដើម្បីចូលរួមឆ្លើយតបតាមតម្រូវការទីផ្សារការងារជាច្រើននៅកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងថ្មីឡើងវិញ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពរបស់បងប្អូនកម្មករនិយោជិតបង្កជាផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាស៕
#MLVT #HENGSour