×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2924

Print this page

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២

 ពុធ, 13 វិច្ឆិកា 2024 16:42  |  773 times

 

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។ 

 

ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធាន និងសមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) រួមនិងតំណាងអង្គការអុកស្វាម (OXFAM) និងតំណាងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) សរុបប្រមាណ ២០០នាក់។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានដាក់ចេញនូវវិធានការនិងកម្មវិធីគាំពារឱ្យកាន់តែគ្រប់ជ្រុងជ្រោយសម្រាប់អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ សំដៅចូលរួមកែលម្អជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។ 

 

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) បាននិងកំពុងទទួលការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ក៏ដូចជាសន្តិសុខសេដ្ឋកិច្ចសម្រាប់ជីវភាពគ្រួសារ ពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់អនុវត្តជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានសហព័ទ្ធ និងកូនក្នុងបន្ទុក។ 

 

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលក៏បាននិងកំពុងលើកទឹកចិត្ត និងផ្តល់ការគាំពារដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដែលអ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចចូលរៀនដើម្បីទទួលបានជំនាញមួយពិតប្រាកដក្នុងជីវិតសម្រាប់ប្រកបមុខរបរ ឬធ្វើការងារដើម្បីទទួលបានប្រាក់ចំណូលសមរម្យទៀតផង។ 

 

ឯកឧត្តម ហេង សួរ ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រក្នុងការលើកកម្ពស់ និងរួមគ្នាគិត រួមគ្នាធ្វើក្នុងការធ្វើឱ្យប្រសើរឡើងជូនប្រជាជនកម្ពុជាដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

 

#MLVT #HENGSour

Image Gallery

{gallery}2924{/gallery}