×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារនិងសុខមាលភាពនៃប្រទេសជប៉ុន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ

 ព្រហស្បតិ៍, 31 តុលា 2024 13:58  |  458 times

(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខមាលភាពនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ 

 

នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) និងការបញ្ជូនអ្នកជំនាញឯកទេសជនជាតិជប៉ុនមកកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) និងសុវត្ថិភាព និងសុខភាពការងារ (OSH) ដែលជាកាតាលីករជំរុញយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងសារៈសំខាន់នៃកម្មវិធីការងារសម្រាប់ការអភិវឌ្ឍជំនាញ (Employment for Skill Development Program) ថ្មីរបស់ជប៉ុន ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៧ ដោយកម្មវិធីនេះនឹងអាចជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ តាមរយៈការផ្ដល់អាទិភាព និងលើកទឹកចិត្តឱ្យកម្ពុជា ក៏ដូចជាប្រទេសបញ្ជូនដទៃទៀត បង្កើនការបញ្ជូនពលករជំនាញ (Skilled Workers) ទៅជប៉ុន ជាជាងការបញ្ជូនកម្មសិក្សាការីបច្ចេកទេស (Technical Intern Trainees)។ កម្មវិធីនេះមិនត្រឹមតែរួមចំណែកក្នុងការជួយបង្កើនកម្លាំងពលកម្មជំនាញ និងជំរុញកំណើនសេដ្ឋកិច្ចជប៉ុនប៉ុណ្ណោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសក្រោយពលករជំនាញទាំងនោះវិលត្រឡប់មកកម្ពុជាវិញ។

 

ជាការឆ្លើយតប ឯកឧត្តម សេជិ ថាណាកា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបញ្ជាក់គោលជំហររបស់ប្រទេសជប៉ុន ក្នុងការជួយគាំទ្រ និងលើកកម្ពស់ប្រព័ន្ធកម្មសិក្សាការី និងពលករជំនាញដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្នបន្ថែមទៀត ព្រមទាំងសង្ឃឹមថា កម្មវិធីបណ្ដុះបណ្ដាលការងារថ្មីរបស់ជប៉ុន នៅឆ្នាំ២០២៧ នឹងក្លាយជាយន្ដការមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

 

ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ក្នុងគោលបំណងបង្កើនការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញ ដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មរបស់កម្ពុជា ជាពិសេសសម្រាប់ពលករដែលធ្វើសមាហរណកម្មត្រឡប់មកមាតុភូមិវិញ ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកឡើងពីអាទិភាពថ្មីមួយទៀតរបស់ជប៉ុនសម្រាប់កាលៈទេសៈក្រោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងការចែករំលែកឧត្តមានុត្តន៍ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO)។

 

ជារួម ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕

 

#MLVT #HENGSour

Image Gallery

{gallery}2895{/gallery}