×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2256

Print this page

យុវជនថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្បូរការងារ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រីប្រកាសបណ្តុះបណ្តាលយុវជន១.៥លាននាក់

 ព្រហស្បតិ៍, 07 កញ្ញា 2023 18:01  |  2362 times

ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងមានតម្រូវការធនធានមនុស្សផ្នែកបច្ចេកទេស និង វិជ្ជាជីវៈ  នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឲ្យយុវជនងាកចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោក សយ សុខឃាង នាយករងសាលាវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍នៅថ្ងៃទី៧ ខែកញ្ញា បានឲ្យដឹងថា មានសិស្សានុសិស្សរហូតទៅដល់៩៩ភាគរយ ដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ទទួលបានឱកាសការងារធ្វើក្នុងទីផ្សារការងារ ដោយសារតែជំនាញវិជ្ជាជីវៈនេះ មានតម្រូវការខ្ពស់នៅលើទីផ្សារ ខណៈដែលសាលានាពេលបច្ចុប្បន្នមានសិស្សកំពុងសិក្សាចំនួន១,៦០០នាក់។

លោកមានប្រសាសន៍បន្តថា មុខជំនាញវិជ្ជាជីវៈបី ដែលមានប្រជាប្រិយភាពនៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មរួមមាន វិស្វកម្មរថយន្ត បរិក្ខារត្រជាក់ និងវិស្វកម្មអគ្គិសនី។ លោកមានប្រសាសន៍បន្តថា បើប្រៀបធៀបនឹងរយៈពេល ៣ ទៅ ៤ឆ្នាំចុងក្រោយ ការចុះឈ្មោះសិក្សារៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈមានការកើនឡើង ដោយសារតែមានការផ្សព្វផ្សាយទូលំទូលាយ និងយុវជនមានការយល់ដឹង និងចាប់អារម្មណ៍ពីជំនាញនេះ។

 

លោកមានប្រសាសន៍ថា ៖ «ខ្ញុំសុំឲ្យយុវជនងាកមករៀនជំនាញបច្ចេកទេសដោយសារជំនាញនេះប្រើរយៈពេលខ្លី តែឆាប់ទទូលបានប្រាក់ចំណូល ហើយសម្រាប់ការងារគឺអត់ខ្វះទេ ពោលគឺមានក្រុមហ៊ុនមានតម្រូវការខ្ពស់ណាស់ ដូចជាក្រុមហ៊ុនរថយន្តតូយ៉ាតា ក្រុមហ៊ុនFord ជាដើម ដែលជាដៃគូសហការជាមួយវិទ្យាស្ថានជាដើម ក្នុងការផ្តល់ការងារឲ្យពួកគេនៅពេលបញ្ចប់ការសិក្សា»។

សិស្សមួយរូបឈ្មោះ ប៉ែន គឹមមុន អាយុ ១៨ឆ្នាំ ជាសិស្សឆ្នាំទី១ ជំនាញផ្នែកវិស្វកម្មរថយន្ត បានឲ្យដឹងថា រូបគាត់ស្រឡាញ់ជំនាញនេះ ព្រោះរំពឹងចង់បានការងារធ្វើនៅក្នុងក្រុមហ៊ុនជួសជុលរថយន្ត ហើយពេលរៀបចំឆាប់ទទួលបានឱកាសការងារ។ 

សិស្សរូបនោះនិយាយថា៖ « រៀនជំនាញហ្នឹងគេគិតថា នឿយ ពិបាក តែខ្ញុំចូលចិត្ត ព្រោះគិតថាពេលរៀងចប់ មានឱកាសការងារធ្វើ»។

ចំណែកសិស្សម្នាក់ទៀតឈ្មោះ សុះ ផាណាត់  អាយុ ២១ឆ្នាំ សិក្សាជំនាញបរិក្ខារត្រជាក់ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានឲ្យដឹងថា ដោយសម្លឹងមើលទីផ្សារការងារមានតម្រូវការខ្ពស់ពីជំនាញបរិក្ខារត្រជាក់ ទើបរូបគេមានចំណាប់អារម្មណ៍សិក្សាជំនាញនេះ។ 

សិស្សរូបនោះនិយាយថា៖ «បច្ចុប្បន្ន មានអគារច្រើន ខ្ពស់ ចឹងមានតម្រូវការទីផ្សារម៉ាស៊ីនត្រជាក់ច្រើន ចឹងខ្ញុំចាប់អារម្មណ៍រៀនជំនាញនេះ ដើម្បីឱកាសការងារពេលរៀនចប់»។

សម្រាប់សិស្សសិក្សាជំនាញអគ្គិសនីវិញ សិស្ស ថុល វណ្ណៈ អាយុ ១៩ឆ្នាំ បាននិយាយថា ការសិក្សាជំនាញអគ្គិសនីនេះគឺមានជាក្តីបំណងប្រាថ្នាពីតូច ចង់ក្លាយជាអ្នកជំនាញអគ្គិសនី។

សិស្សរូបនោះនិយាយថា៖ « ជំនាញនេះខ្ញុំស្រឡាញ់ណាស់តាំងពីតូច ចេះតែឆ្ងល់ថាភ្លើងបានមកពីណា។ ខ្ញុំរំពឹងថា នឹងមានការងារល្អប្រសើរ ខ្ញុំនឹងតាំងចិត្តរៀនវាឲ្យបានចប់»។

សូមជម្រាបថា យោងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តការងារ ចំពោះមុខក្នុងឆ្នាំ ២០២៣ចំនួន៦ចំណុច ក្នុងនោះក្រសួងត្រូវរៀបចំឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឲ្យបងប្អូនកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពកាងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្តាហ៍៕

Image Gallery

{gallery}2256{/gallery}