×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2254

Print this page

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យជាតិលើកទី៦៦របស់ប្រទេសម៉ាឡេស៊ី

 ពុធ, 06 កញ្ញា 2023 10:41  |  2008 times

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យជាតិលើកទី៦៦របស់ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរជាមួយប្រជាពលរដ្ឋម៉ាឡេស៊ីនៅទូទាំងពិភពលោក ក្នុងការប្រារព្ធទិវាបុណ្យជាតិរបស់ខ្លួន។

នាឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានសម្ដែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះប្រជាជននិងរដ្ឋាភិបាលម៉ាឡេស៊ី ចំពោះថ្ងៃដ៏វិសេសវិសាលនេះ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជានិងម៉ាឡេស៊ីបានខិតខំកសាងនូវមិត្តភាពដ៏ល្អនិងយូរអង្វែង និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតមួយក្នុងតំបន់អាស៊ាន។ ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្តពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជនយ៉ាងស្អិតល្មួតជាមួយគ្នា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មបានកើនឡើងពី៥០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២១ ដល់៦២០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ហើយ៧ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មបានកើនដល់៣៧៧លានដុល្លារអាម៉េរិក។ ក្នុងនោះដែរ យើងឃើញថា ម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី៦ក្នុងចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា មួយវិញទៀត ភ្ញៀវទេសចរម៉ាឡេស៊ីដែលមកទស្សនានៅកម្ពុជាបានកើនឡើងជាលំដាប់ ពោលគឺចាប់ពីជាង២.៥ម៉ឺននាក់ នៅឆ្នាំ២០២០ កើនឡើងមកដល់ជាង៥.៣ម៉ឺននាក់ នៅឆ្នាំ២០២២។ បើគិតត្រឹម៧ខែដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរម៉ាឡេស៊ីជាង៥.២ម៉ឺននាក់បានមកទស្សនានៅកម្ពុជា។

ទន្ទឹមនឹងនេះ យើងក៏មិនភ្លេចដែរថា ប្រជាពលរដ្ឋនិងនិស្សិតខ្មែរជាង២.២ម៉ឺននាក់កំពុងធ្វើការនិងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី តាងនាមរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី៕

Image Gallery

{gallery}2254{/gallery}