×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2195

Print this page

ថ្នាក់ដឹកនាំក្រសួងការងារជំរុញការអនុវត្តគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដើម្បីឈានទៅការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥

 ច័ន្ទ, 12 មិថុនា 2023 14:18  |  2139 times

(ភ្នំពេញ)៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ជាពិសេសគឺការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥។

លោកជំទាវរដ្ឋលេខាធិការថ្លែងយ៉ាងដូច្នេះក្នុងឱកាសខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ ដែលបានប្រារព្ធឡើងរួមគ្នាក្រោមប្រធានបទសកលស្តីពីយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាពេលកន្លងមក ក្រសួងបានធ្វេីយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន និយោជក កម្មករនិយោជិត និងអង្គការសង្គមស៊ីវិល ព្រមទាំងបានជួបផ្ទាល់ជាមួយកុមារ និងក្រុមគ្រួសារកុមារនៅសហគមន៍ផលិតឥដ្ឋ ដើម្បីជំរុញកិច្ចសហការលើការផ្លាស់ប្តូរព័ត៌មាន និងការរាយការណ៍លើករណីសង្ស័យទាសភាពបំណុល ឬពលកម្មកុមារ ។

លោកជំទាវ ស៊ើង សរសុចិត្តា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះកុមារ តាមរយៈបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកុមារ និងការបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួល ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមស្តីពីស្ថានភាពកុមារនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ដើម្បីឆ្លើយតបទៅនឹងគុណូបការៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកុមារ ក្នុងការលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លោកជំទាវរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖

១. គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) ត្រូវបន្តសម្របសម្រួលអនុវត្តអនុសញ្ញាអន្តរជាតិ និងគោលនយោបាយជាតិពាក់ព័ន្ធនឹងពលកម្មកុមារ ជាពិសេសសហការជាមួយអន្តរក្រសួង ស្ថាប័ន ដើម្បីជំរុញអនុវត្ត ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០១៦-២០២៥។

២. អគ្គលេខាធិការដ្ឋាន គ.ជ.ព. និងនាយកដ្ឋានជំនាញ ត្រូវខិតខំពង្រឹងវិធានការអធិការកិច្ចការងារឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពនិងសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារក្នុងវិស័យអាទិភាពដែលមានហានិភ័យខ្ពស់។

៣. បន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធ និងកៀរគរធនធានហិរញ្ញវត្ថុនិងស្វែងរកការគាំទ្រពីសាធារណជនចូលរួមប្រឆាំងពលកម្មកុមារ។

៤. ពង្រីកការផ្សព្វផ្សាយនិងយុទ្ធនាការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំទៅដល់មូលដ្ឋាន និងសហគមន៍នានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។

៥. ពង្រឹងកិច្ចអន្តរាគមន៍ស្នូល ដើម្បីសង្គ្រោះពលកម្មកុមារ និងហាមឃាត់ការងារដោយបង្ខំ និងបង្កើនកិច្ចសហការក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារពីគ្រប់ទម្រង់។

Image Gallery

{gallery}2195{/gallery}