×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2069

Print this page

កម្ពុជា-UN ប្តេជា្ញរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ព្រហស្បតិ៍, 15 ធ្នូ 2022 13:06  |  4429 times

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត។ ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះលោក Joseph Scheuer ដែលទទួលបានតួនាទីជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក និងសហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានជួយមកដល់កម្ពុជានៅក្នុងដំណាក់កាលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក មានទាំងវ៉ាក់សាំង គ្រឿងបរិក្ខាបច្ចេកទេសជាច្រើនទៀតមកដល់កម្ពុជា និងនៅតែបន្តជួយមកកម្ពុជាក្រោយការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩។ 

 

លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត បានសង្កេតឃើញថាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ ពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។ លោកបានយល់ស្របជាមួយនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ជាពិសេសភ្នាក់ងារអង្គការសហប្រជាជាតិនានា។  

 

ទន្ទឹមនឹងនេះ លោកក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យគម្រោងធំៗភាគច្រើន វិលត្រឡប់មកប្រក្រតីភាពឡើងវិញ។ ព្រមជាមួយគ្នានេះ អង្គការសហប្រជាជាតិ នឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអង្គការសហប្រជាជាតិ នឹងបន្តបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-UN ក្លាយជាដៃគូកាន់តែរឹងមាំបន្ថែមទៀត។

 

នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីបានឯកភាពគ្នាទៅលើទិសដៅរួមគ្នាចំនួនសំខាន់ៗបីគឺ៖

១. សំដែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កាដែលកើតចេញពី គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (DEY)។ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Joseph Scheuer  ដែលជាសហប្រធានគម្រោងនេះ  នឹងកោះប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី៣ នាដើមឆ្នាំ២០២៣ ដើម្បីបន្តផែនការសកម្មភាព ក៏ដូចជាការបន្តគៀងគរធនធានក្នុងការធានានិរន្តរភាព នៃគម្រោង និងពង្រីកវិសាលភាពគម្រោងផងដែរ។ 

 

២. ពាក់ព័ន្ធនឹងការបន្តដោះស្រាយលើសុវត្ថិភាពចរាចរតាមដងផ្លូវ និងការដឹកជញ្ជូនកម្មករ ដែលបានជួបនូវគ្រោះថ្នាក់ចរាចរកន្លងមក បើយោងតាមរបាយការណ៍របស់ UNDP គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបានធ្វើអោយខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយតាមការប៉ាន់ប្រមាណអាចខាតបង់ដល់ផលទុនជាតិសរុប ប្រមាណ ៣%។ អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ។ ក្នុងពេលឆាប់ៗនេះ នឹងមានទស្សនកិច្ចផ្លូវការមួយរបស់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

 

៣. ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា កម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ ដែលគ្រោងនឹងបង្កើតការងារប្រមាណ ៣០០លានការងារ សម្រាប់ប្រទេសជាសមាជិក ក្នុងនោះ កម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍អំពីគំនិតផ្តួចផ្តើមយ៉ាងច្រើននេះដែរ ដោយសារកម្ពុជាមានគម្រោងជាច្រើនដែលបាននឹងកំពុងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជា អង្គការ ILO, UNDP, UNICEF, UNIDO ជាដើម។  

 

ឯកឧត្តមរដ្ឋមមន្ត្រី នឹងខិតខំរួមគ្នាជាមួយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) ទៅជាគម្រោងគំរូមួយសម្រាប់បណ្តាប្រទេសដទៃយកទៅអនុវត្តន៍ ដូចដែលកម្ពុជាទទួលបានជោគជ័យលើការអនុវត្តន៍គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)។

 

ចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានបេ្តជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងចូលរួមគាំទ្រលើគ្រប់កម្មវិធីអាទិភាពរបស់ក្រសួង។ 

 

ទន្ទឹមនិងនេះ ភាគីទាំងពីបានសំដែងនូវទស្សន:ប្រកបដោយភាពវិជ្ជមានយ៉ាងខ្លាំងទៅលើមហិច្ឆតាដែលទាំងអង្គការសហប្រជាជាតិក្នុងការខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជា សម្រេចនូវគោលដៅប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយទៅជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕

Image Gallery

{gallery}2069{/gallery}