×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2054

Print this page

រដ្ឋមន្ត្រីការងារ វាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរឹងមាំរបស់ CAMFEBA ទទួលបានការទុកចិត្តពីវិនិយោគិន និងពីសមាជិករបស់ខ្លួន

 អង្គារ, 29 វិច្ឆិកា 2022 22:32  |  4103 times

(ភ្នំពេញ)៖ ក្នុងពិធីលៀងសាយភោជនអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិ ២០២៣-២០២៤ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅសណ្ឋាគារ សុខា ភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ CAMFEBA នាពេលកន្លងទៅ ដែលរក្សាបាននូវភាពរីកចំរើនរឹងមាំ ទទួលបានការទុកចិត្តពីវិនិយោគិន និងពីសមាជិករបស់ខ្លួនគួរជាទីមោទនៈ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរចំពោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់ CAMFEBA សម្រាប់អាណត្តិ២០២៣-២០២៤ នេះ។ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិនជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ការសម្រេចបាននូវលទ្ធផលនានារហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវរបស់ CAMFEBA ក្នុងនាមជាតំណាងភាគីនិយោជក ក្នុងការចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ, សុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, របបសន្តិសុខសង្គម, និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងយន្តការត្រីភាគីនានា ដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិសុខភាព និងសុវត្ថិភាពការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។ 

 

ទន្ទឹមនឹងនេះ CAMFEBA ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារ ទី៨) ក្នុងភាពជាដៃគូរវាងរដ្ឋ-ឯកជន ដែលបានផ្តល់កិច្ចសហប្រតិបត្តិយ៉ាងល្អជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបានស្វះស្វែងរកនូវដំណោះស្រាយនានាចំពោះបញ្ហាប្រឈមនានាជូនវិនិយោគិន និងបងប្អូនកម្មកនិយោជិត ប្រកបដោយផ្លែផ្កានាពេលកន្លងមក។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើឱ្យ CAMFEBA និងភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការដ៏ល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ជាមួយគ្នានោះដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ បានប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗ ក្នុងការជម្រុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញផលិតភាពការងារ ជម្រុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

Image Gallery

{gallery}2054{/gallery}