×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1837

Print this page

រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឲ្យប្រធានប្រតិភូបេសកកម្មដោយផ្ទាល់ របស់អង្គការ ILO ជួបពិភាក្សាការងារ ផ្តោតលើការវិវត្តវិស័យការងារ និងការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា

 ច័ន្ទ, 28 មីនា 2022 11:33  |  4594 times

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្មដោយផ្ទាល់ និងប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ(ILO) ចូលជួបសម្តែងការ និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅដល់ប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានអញ្ជើញមកប្រទេសកម្ពុជា ជាលើកទី៣។ បេសកកម្មនេះពិតជាមានសារៈសំខាន់ មិនមែនសម្រាប់តែអង្គការអន្តរជាតិខាងការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ ព្រោះវាគឺជាឱកាសដែលក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដែលរួមមានទាំងតំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គមបានជួប និងសន្ទនាដោយផ្ទាល់ជាមួយគណៈប្រតិភូ ដើម្បីបង្ហាញអំពីការវិវត្តវិស័យការងារ ជាពិសេសការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានជម្រាបជូនគណៈប្រតិភូថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាផ្សារភ្ជាប់ការគោរពលក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ។ យ៉ាងណាមិញ អនុលោមតាមអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ច្បាប់ស្តីពីសហជីពនៃព្រះរាជាណាចក្រកម្ពុជាផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណីដែលកម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គម នាពេលបន្ទាប់នេះ គណៈប្រតិភូនឹងទទួលបាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ ឈរលើមូលដ្ឋានច្បាប់ និងបទប្បញត្តិជាតិ និងអន្តរជាតិជាធរមាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរង់ចំាទទួលយកនូវអនុសាសន៍របស់បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។ 

 

នាឱកាសនោះ លោកប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលស្វាគមន៍ដល់គណៈប្រតិភូរបស់លោក ក្នុងការបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងកក់ក្តៅបំផុត។ ទន្ទឹមនឹងនេះ ការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នាទៅវិញទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តីសន្និដ្ឋាន ឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមតាមច្បាប់ការងារ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន កាន់តែមានភាពល្អប្រសើរបន្តទៀត៕

Image Gallery

{gallery}1837{/gallery}