Print this page

ក្រសួងការងារបន្តជំរុញប្រសិទ្ធភាពនិងវិសាលភាពនៃការអនុវត្ត «គម្រោងកិច្ចអន្តរាគមន៍ស្នូល» ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ

 ព្រហស្បតិ៍, 26 វិច្ឆិកា 2026 10:38  |    ផ្សព្វផ្សាយដោយ MLVT  |  118 ដង

(ព្រះវិហារ)៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងពិធី «ចែកសម្ភារសិក្សានិងមធ្យោបាយធ្វើដំណើរជូនកុមារដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៦» រួមទាំងកញ្ចប់បំណិនជីវិតដល់កុមារនិងក្រុមគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងហានិភ័យនៃពលកម្មកុមារក្នុងខេត្តព្រះវិហារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អ៉ិចផត ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យឹម បញ្ញា អភិបាលរង តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ប្រធាន-អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរនិងអង្គភាពជំនាញចំណុះរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន តំណាងនិយោជក តំណាងសហជីព ឪពុកម្តាយ អាណាព្យាបាល និងកុមារគោលដៅ សរុបប្រមាណ ២០០នាក់។

 

ថ្លែងក្នុងពិធីនោះ លោកជំទាវ សួស រដ្ឋាវី បានគូសបញ្ជាក់ថា «កិច្ចអន្តរាគមន៍ស្នូល» គឺជាយន្តការបង្អែកមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងគាំពារដល់កុមារនិងគ្រួសារគោលដៅ ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន លើកកម្ពស់អាហារូបត្ថម្ភនិងសុខុមាលភាពកុមារដោយការផ្តល់សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារកុមារងាយរងគ្រោះក៏ទទួលបានការបណ្តុះបណ្តាល និងកញ្ចប់បំណិនជីវិត ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅផងដែរ។ យើងត្រូវធានាថា «គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសអប់រំនិងអនាគតរបស់ខ្លួន ដោយសារពលកម្មកុមារឡើយ»។

 

លោកជំទាវរដ្ឋលេខាធិការបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមបន្តចូលរួមលើកកម្ពស់ការយល់ដឹង និងចូលរួមផ្សព្វផ្សាយអំពីផលវិបាកនៃពលកម្មកុមារដល់មាតាបិតា អាណាព្យាបាល សហគមន៍ និងនិយោជក ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ សូមមន្ត្រីមានសមត្ថកិច្ចពង្រឹងការចុះត្រួតពិនិត្យ និងអធិការកិច្ចការងារ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់មកលើកុមារ។ គ្រប់ភាគីពាក់ព័ន្ធត្រូវលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការរាយការណ៍ករណីហានិភ័យ និងករណីសង្ស័យនៃការប្រើប្រាស់ពលកម្មកុមារ ជាពិសេសទប់ស្កាត់ការបោះបង់ការសិក្សា បន្តធានានូវឱកាសនិងនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់កុមារដែលបានទទួលផលពីគម្រោងកិច្ចអន្តរាគមន៍ស្នូលកន្លងមក។ ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមរាយការណ៍បន្ទាន់តាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក ដើម្បីអធិការការងារចុះអន្តរាគមន៍ជួយសង្រ្គោះកុមារឱ្យបានទាន់ពេលវេលា។

 

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មិនមែនជាតួនាទី-ភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់រាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍ផងដែរ ដូចនេះគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ដើម្បីអនាគតកុមារកម្ពុជា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្សព្វផ្សាយកម្មវិធី TVET ១,៥លាន និងលើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ មានចំណេះដឹង មានជំនាញ និងបំណិនចរិយា ដើម្បីប្រើប្រាស់ជំនាញទាំងនេះដោយសុចរិតភាព ការទទួលខុសត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

 

#MLVT #HENGSour