Print this page

ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន JCA ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគ

 អង្គារ, 10 វិច្ឆិកា 2026 20:24  |    ផ្សព្វផ្សាយដោយ MLVT  |  43 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងគណៈប្រតិភូ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ 

ជំនួបនេះមានគោលបំណងបង្ហាញពីវឌ្ឍនភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តោតលើការធានាគុណភាពនៃការបណ្តុះបណ្តាលតាមបែបជប៉ុន ជំនាញបច្ចេកទេសក្រចក ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកព្យាបាលតាមបែបជូដូ និងការរៀបចំប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកផ្តល់សេវាថែទាំ។

 

នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ រួមមាន៖ សាលាបណ្តុះបណ្តាលដែលទទួលស្គាល់ និងការធានាគុណភាពសម្រាប់ការបណ្តុះបណ្តាលតាមបែបជប៉ុន, ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបច្ចេកទេសក្រចក, មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកព្យាបាលតាមបែបជូដូ និងអ្នកប្រកបវិជ្ជាជីវៈចាក់ម្ជុលវិទ្យាសាស្ត្រ, ប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកថែទាំ និងការចូលរួមរបស់ក្រុមហ៊ុន Libertas Administrative Scrivener Corporation លើការបន្តសុពលភាពទិដ្ឋាការ និងអន្តោប្រវេសន៍ជាដើម។  

 

ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ជាពិសេសក្នុងការចាប់ផ្តើមទាក់ទាញការវិនិយោគទៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលជាវិធីសាស្ត្រអាចទាក់ទាញក្រុមហ៊ុនជប៉ុនធំៗឱ្យមកបណ្តាក់ទុននាពេលអនាគត។ ឯកឧត្តមបានជម្រាបជូនថា ការបណ្តុះបណ្តាល និងសេវាកម្មពាក់ព័ន្ធនឹងការថែរក្សាសម្រស់ ការថែរក្សាក្រចក និងការថែទាំមនុស្សចាស់ ដែលមិនពាក់ព័ន្ធនឹងនីតិវិធីវេជ្ជសាស្ត្រ អាចសហការអនុវត្តជាមួយក្រសួងការងារ ព្រមទាំងណែនាំឱ្យវិនិយោគិនជប៉ុនកំណត់ឱ្យបានច្បាស់លាស់ពីកម្រិតជំនាញ និងគុណវុឌ្ឍិដែលខ្លួនមានបំណងផ្តល់ជូនតាមរយៈកម្មវិធីបណ្តុះបណ្តាល។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសជំនាញថែរក្សាក្រចក និងជំនាញថែទាំមនុស្សចាស់ ដោយផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជាទទួលបានបទពិសោធអនុវត្តជាក់ស្តែង តាមរយៈការធ្វើការនៅក្នុងអាជីវកម្មជប៉ុន មុននឹងបន្តទៅបំពេញការងារនៅប្រទេសជប៉ុន។ ឯកឧត្តមជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សមាគម JCA នឹងមានក្រុមហ៊ុនជប៉ុនកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីបង្កើតឱកាសការងារ និងរួមចំណែកពង្រឹងទំនាក់ទំនង និងការតភ្ជាប់រវាងកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតល្មួតថែមទៀត។

 

ជាការឆ្លើយតប ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ផ្តល់បទពិសោធល្អៗ និងតែងតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា រហូតធ្វើឱ្យក្រសួងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសមាជិក JCA។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ JCA ក្នុងការប្រែក្លាយការពិភាក្សាទៅជាសកម្មភាពជាក់ស្តែង និងកិច្ចសហប្រតិបត្តិការធុរកិច្ចរយៈពេលវែង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕

#MLVT #HENGSour