Print this page

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន TOKO បើកទំព័រថ្មីបង្កើតភាពជាដៃគូ ពង្រីកឱកាសការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា

 អង្គារ, 03 វិច្ឆិកា 2026 16:31  |    ផ្សព្វផ្សាយដោយ MLVT  |  98 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kengo Ichinoki មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកអាជីវកម្មក្រៅប្រទេសនៃក្រុមហ៊ុន TOKO Electrical Construction Co., Ltd. នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីអាជីវកម្មក្នុងតំបន់ និងសកម្មភាពរបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការជ្រើសរើសបុគ្គលិកជំនាញបច្ចេកទេសវិស្វករ និងពលករជំនាញ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញនៅកម្ពុជា។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kengo Ichinoki និងប្រតិភូក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TOKO ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេសក្នុងការជ្រើសរើសនិងបញ្ជូនបុគ្គលិកខ្មែរ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រពីគ្រឹះស្ថាន TVET ទៅធ្វើការនៅក្រុមហ៊ុនខ្លួន និងក្រុមហ៊ុនដៃគូជាច្រើននៅប្រទេសជប៉ុន។ ក្រៅពីនេះ ក្រុមហ៊ុន TOKO និងក្រុមហ៊ុនដៃគូក៏បានជួយអភិវឌ្ឍការបណ្តុះបណ្តាលក្នុងវិស័យវិស្វកម្មអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ដែលធ្វើឱ្យយុវជនកម្ពុជាមានជំនាញកាន់តែច្បាស់លាស់ ក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយនឹងក្លាយជាស្ពានតភ្ជាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជាផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ជំនួបពិភាក្សានេះនឹងបើកឱកាសឱ្យភាគីទាំងពីរផ្លាស់ប្តូរយោបល់ ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេស និងបទពិសោធជោគជ័យរបស់ក្រុមហ៊ុន TOKO ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ពាក់ព័ន្ធនឹងវិស័យទេសន្តរប្រវេសន៍ការងារ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់វិស័យវិស្វកម្មអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពល។ 

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនផ្តោតលើការបង្កើតអាជីវកម្មនៅកម្ពុជា ចែករំលែកព័ត៌មានពីតម្រូវការកម្លាំងពលកម្ម និងឱកាសការងារនាពេលអនាគត ព្រមទាំងលក្ខខណ្ឌចាំបាច់សម្រាប់ជ្រើសរើសបុគ្គលិកខ្មែរឱ្យចូលបម្រើការងារនៅក្រុមហ៊ុនជប៉ុន, លើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពសហការជាមួយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដើម្បីជ្រើសរើសនិងបញ្ជូនពលករជំនាញកម្ពុជាទៅជប៉ុន ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ក៏សូមពិនិត្យលទ្ធភាពសហការជាមួយគ្រឹះស្ថាន TVET បន្ថែមទៀត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យចំទិសដៅ ឆ្លើយតបតម្រូវការឧស្សាហកម្មរបស់ក្រុមហ៊ុនជប៉ុន។ ឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទំព័រថ្មីនៃការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន TOKO ដើម្បីពង្រីកការជ្រើសរើសកម្លាំងពលកម្មនៅក្រុមហ៊ុនជប៉ុនប្រកបដោយភាពជោគជ័យរួមគ្នា។ 

 

ជាការឆ្លើយតប លោក Kengo Ichinoki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានាពេលនេះ។ លោកបានលើកឡើងថា ក្រុមហ៊ុនជប៉ុនពេញចិត្តចំពោះកម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពលរបស់កម្ពុជា ហើយក៏មានផែនការបន្តជ្រើសរើសវិស្វករ និងកម្មករជំនាញកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសយុវជនដែលមានចំណាប់អារម្មណ៍ទៅធ្វើការនៅជប៉ុន។ លើសពីនេះ ក្រុមហ៊ុនក៏នឹងជួយណែនាំក្រុមហ៊ុនដៃគូរបស់ខ្លួនទាំងជាង ២០០ឱ្យជួយផ្តល់ឱកាសការងារដល់យុវជនកម្ពុជាផងដែរ។ លោកជឿជាក់ថា ពលករកម្ពុជាដែលទៅបំពេញការងារនៅជប៉ុននឹងទទួលបានបទពិសោធ និងជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីយកចំណេះដឹង និងជំនាញទាំងនោះមករួមចំណែកអភិវឌ្ឍមាតុភូមិរបស់ខ្លួននៅពេលវិលត្រឡប់មកកម្ពុជាវិញ៕ 

#MLVT #HENGSour