Print this page

កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០

 ច័ន្ទ, 02 វិច្ឆិកា 2026 15:46  |    ផ្សព្វផ្សាយដោយ MLVT  |  30 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការត្រួតពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា បទពិសោធទទួលបាន និងការរៀបចំផែនការសម្រាប់ឆ្នាំ ២០២៧-២០៣០" ដែលរៀបចំឡើងដោយគម្រោងភាពជាដៃគូ ILO-Korea នាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិត, និយោជក, អង្គការ ILO និងភ្ញៀវជាតិ-អន្តរជាតិជាដៃគូអភិវឌ្ឍន៍។

 

សិក្ខាសាលានេះមានគោលបំណង ពិនិត្យវឌ្ឍនភាពរួមគ្នា និងសមិទ្ធផលសំខាន់ៗនៃគម្រោង, កំណត់បញ្ហាប្រឈមដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោងចាប់ពីឆ្នាំ ២០២៤-២០២៦, ចងក្រងមេរៀនទទួលបាន និងការអនុវត្តល្អៗ ព្រមទាំងរៀបចំផែនការសម្រាប់ឆ្នាំ២០២៧-២០៣០ តាមរយៈការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំចំណុចអាទិភាព ការអន្តរាគមន៍ជាយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវសម្រាប់កម្មវិធីបន្ត។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះគម្រោងភាពជាដៃគូ ILO-Korea ដែលបានរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងបានកោតសរសើរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សហជីព សមាគមនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ជាពិសេសបងប្អូនកម្មករនិយោជិតដែលបំពេញការងារក្នុងវិស័យសំណង់ ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈក្នុងរយៈពេលកន្លងមក។

 

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់ការងារ និងការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពសំខាន់។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងទិសដៅពង្រឹងការអនុវត្តច្បាប់ការងារ លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ។

 

ក្រសួងក៏បានបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ILO, ILO-BFC, ILO-Korea, KOSHA និង GIZ ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងផ្សព្វផ្សាយចំណេះដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការចរចា សម្របសម្រួល និងផ្សះផ្សា ដើម្បីកាត់បន្ថយភាពតានតឹង រក្សាទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក និងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។ ទន្ទឹមនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការ​ងារ ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុត្ត និងវប្បធម៌បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពការងារតាមរយៈការបណ្តុះបណ្តាល ការផ្សព្វ​ផ្សាយ ការចុះអធិការកិច្ច និងការតាមដាន ដើម្បីបង្ការគ្រោះថ្នាក់ការងារ ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងបង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

ឯកឧត្តមបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាប្រឈម ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត។  ឯកឧត្តមសង្ឃឹមយ៉ាងមុតមំាថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមផ្តល់ជាមតិយោបល់ កែលម្អការអនុវត្តសកម្មភាព ដែលអនុវត្តក្រោមគម្រោងនាពេលកន្លងមក និងលើកទ្បើងនូវបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍ផ្សេងៗដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៧-២០៣០៕

 

#MLVT #HENGSour