Print this page

ក្រសួងការងារ-អង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត

 ព្រហស្បតិ៍, 22 តុលា 2026 14:41  |    ផ្សព្វផ្សាយដោយ MLVT  |  70 ដង

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានរៀបកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា (PROTECT) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) លោកស្រី Sophia Kagan ប្រធានគម្រោងការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ (PROTECT) តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល សមាគមនិយោជក សហជីព អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍។ កិច្ចប្រជុំដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងបង្ហាញពីវឌ្ឍនភាព និងចែករំលែកបទពិសោធពីការអនុវត្តគម្រោងក្នុងឆ្នាំ២០២៦ ពិនិត្យ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៧ ព្រមទាំងពង្រឹងកិច្ចសហការរវាងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍ការងារ។

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO ក្នុងការរៀបចំកិច្ចប្រជុំនេះឡើង និងសហភាពអឺរ៉ុប ដែលបន្តគាំទ្រថវិកា សម្រាប់ការអនុវត្តគម្រោងដ៏សំខាន់នេះនៅកម្ពុជា និងប្រទេសបីផ្សេងទៀត។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការការពារ លើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ និងផ្តល់កិច្ចគាំពារសង្គមសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ។ លើសពីនេះ ក៏បានចាត់ទុក ទេសន្តរប្រវេសន៍ការងារ ជាជម្រើសបន្ថែមលើឱកាសការងារក្នុងស្រុក ដែលមានស្រាប់ និងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ។ 

 

ទន្ទឹមនឹងនេះ ក្រសួងកំពុងលើកកម្រិតគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ទៅជាគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៦-២០៣៥ និងបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីបើកទីផ្សារការងារជំនាញនៅបណ្ដាប្រទេសអភិវឌ្ឍន៍ឱ្យកាន់តែទូលាយ ការទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ការងារដោយខុសច្បាប់ និងអំពើជួញដូរមនុស្ស ការការពារសិទ្ធិ និងអត្ថប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ការធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍ការងារ ដែលធ្វើមាតុភូមិនិវត្តន៍តាមរយៈការទទួលស្គាល់ជំនាញ និងចល័តភាពនៃរបបសន្តិសុខសង្គមជាដើម។

 

ឆ្លើយតបនឹងការវិលត្រឡប់មកវិញយ៉ាងគំហុកពីប្រទេសថៃ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទទួលបងប្អូនពលករ ដោយផ្តល់ជូនមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត អាហារសម្រន់ ព័ត៌មានការងារ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក ព្រមទាំងរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ក្រសួងបានរៀបចំដាក់ដំណើរការប្រព័ន្ធ Hotline ១២៩៧ ក្នុងស្មារតី “ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីផ្តល់ព័ត៌មានវគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ព័ត៌មានពីឱកាសការងារ និងរៀបចំវេទិកាការងារនៅតាមខេត្តគោលដៅ។ យន្តការនេះ ជួយអតីពលករប្រមាណ ៦៥ម៉ឺននាក់ឱ្យបានទទួលការងារធ្វើក្នុងស្រុក។

 

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចខិតខំទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ ហើយក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តប្តេជ្ញាចិត្តរួមគ្នាការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ ដើម្បីធានាថា បងប្អូនគ្រប់រូប អាចរស់នៅនិងធ្វើការដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។ បន្ថែមពីនេះ ក៏សូមពិនិត្យ និងធ្វើការពិគ្រោះយោបល់ ដោយយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើយ៉ាងណាឱ្យកម្មវិធីនេះ អនុវត្តទៅស្របនឹងគោលនយោបាយ និងផែនការអាទិភាពជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

#MLVT #HENGSour