(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។ ជំនួបនេះមានគោលបំណងពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម, បង្ហាញវឌ្ឍនភាពប្រកបដោយជោគជ័យនៃគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" (S4C) និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP)។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីស៊ូគិ តាជីម៉ា និងគណៈប្រតិភូ ADB ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ADB សម្រាប់ភាពជាដៃគូយូរអង្វែង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈវិស័យ TVET។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងកម្រិតជាន់ខ្ពស់ ដែលបញ្ជាក់ជាថ្មីពីតួនាទី ADB ជាដៃគូស្នូលក្នុងការជំរុញរបៀបវារៈអភិវឌ្ឍជំនាញនៅកម្ពុជា និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB ដែលការគាំទ្រជាបន្តបន្ទាប់ផ្នែកហិរញ្ញវត្ថុ និងជំនាញបច្ចេកទេសដ៏មានតម្លៃ ការកសាងសមត្ថភាពស្ថាប័ន និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" ជាពិសេស នៅពេលដែលគម្រោងឈានទៅដល់បញ្ចប់ត្រឹមខែតុលានេះ ក្រសួងមានសេចក្តីរីករាយដែលគម្រោងនេះ ត្រូវបានទីភ្នាក់ងារអនុវត្តគម្រោងវាយតម្លៃថា "ទទួលបានជោគជ័យ" នៅក្នុងសេចក្តីព្រាងរបាយការណ៍បញ្ចប់គម្រោង។
ឯកឧត្តមក៏បានបង្ហាញពីវឌ្ឍនភាពនៃកម្មវិធី SFESDP ដែលជាស្នូលក្នុងការកែទម្រង់ TVET សម្រាប់តម្រង់ទិសទៅអនាគត ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបន្តអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជាតិដែលមានទិសដៅទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។ ដើម្បីត្រៀមរៀបចំផែនការគម្រោងអភិវឌ្ឍជំនាញសម្រាប់ឆ្នាំ២០២៨ ក្រសួងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា ដោយប្តេជ្ញាជំរុញគម្រោងនាពេលអនាគត សំដៅធ្វើទំនើបកម្មវិស័យ TVET និងលើកកម្ពស់ចំណេះដឹងឌីជីថល ដើម្បីធានាថា យុវជនកម្ពុជាមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យានាពេលអនាគត។


លើសពីនេះ ការវិនិយោគរបស់ ADB ក៏ជួយធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថាន TVET និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការអនុវត្តដោយជោគជ័យនូវគម្រោងសាកល្បងស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (WBL)។ ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីធានានិរន្តរភាពនៃផលប្រយោជន៍ពីការវិនិយោគទាំងនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបែងចែកថវិកាជាតិចាប់ពីឆ្នាំ២០២៧ តទៅដើម្បីបន្តគាំទ្រកម្មវិធីសញ្ញាបត្រដែលទើបបង្កើតថ្មី និងគំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ ដែលដើរតួនាទីសំខាន់ក្នុងការគាំទ្រការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនានា ដែលនឹងជួយគាំទ្រតម្រូវការជំនាញដែលកំពុងពេញនិយម ដូចជា ស្វ័យប្រវត្តិកម្ម ជំនាញឌីជីថល និងបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV)។
ឯកឧត្តមបានថ្លែងអំណរគុណ ADB ចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ ដើម្បីធានាការអនុវត្តកម្មវិធីដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងការរៀបចំគំនិតផ្តួចផ្តើមនាពេលអនាគតឱ្យបានទាន់ពេលវេលា ដែលឆ្លើយតបទៅនឹងតម្រូវការនៃការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប លោក អ៊ីស៊ូគិ តាជីម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ព្រមទាំងបានកោតសរសើរពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាង ADB និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ តាមរយៈការធ្វើទស្សនកិច្ចនៅតាមគ្រឹះស្ថាន TVET លោកបានឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការជំរុញឱ្យវិស័យឯកជនចូលរួម ដើម្បីបង្កើនចំណេះដឹង និងឱកាសការងារដល់សិក្ខាកាម។ ដោយមើលឃើញពីកិច្ចខិតខំយ៉ាងសកម្មរបស់ក្រសួង ភាគី ADB បានបញ្ជាក់ពីការគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕
#MLVT #HENGSour