Print this page

ក្រុមប្រឹក្សាភិបាល ប.ស.ស.ប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវាជូនប្រជាពលរដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព

 សុក្រ, 16 តុលា 2026 21:45  |    ផ្សព្វផ្សាយដោយ MLVT  |  59 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៦ អាណត្តិទី២ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងពាក់ព័ន្ធ តំណាងនិយោជក និងនិយោជិត។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើរបាយការណ៍លទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ របាយការណ៍វឌ្ឍនភាពស្តីពីគម្រោងថវិកាប្រចាំឆ្នាំ២០២៧ របស់ ប.ស.ស. ព្រមទាំងដោះស្រាយបញ្ហាប្រឈម ជាមួយនឹងការដាក់ចេញនូវទិសដៅការងារបន្ត។

 

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ ជាពិសេសចំនួនសមាជិកបានកើនឡើង និងការប្រើប្រាស់សេវាកើនក្នុងឆមាស ទី១ឆ្នាំនេះ។  

 

ឯកឧត្តមបានបញ្ជាក់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាឱ្យបាននូវនិរន្តរភាពស្របតាមគោលការណ៍សកល។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន កាន់តែទទួលបានការជឿទុកចិត្តពីសាធារណជន និងចង់ទទួលបានសេវាផងដែរ។

 

អង្គប្រជុំបានពិភាក្សា ផ្តល់យោបល់ និងបានអនុម័តរបាយការណ៍លទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងវឌ្ឍនភាពស្តីពីគម្រោងថវិកាប្រចាំឆ្នាំ២០២៧។ ឯកឧត្តមរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ ប.ស.ស. ក្នុងការរៀបចំឯកសារដ៏សំខាន់ទាំងនេះ ស្របតាមនីតិវិធី សម្រេចគោលដៅតាមការរំពឹងទុក។

 

ទន្ទឹមនេះដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយឱនភាពដែលអាចកើតមាន ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យ ប.ស.ស. បង្កើនការយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យលទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រែក្លាយជាលិខិតបទដ្ឋានគិតយុត្តឱ្យបានឆាប់ ដើម្បីយកទៅអនុវត្តការងារឱ្យកាន់តែរលូន និងពិនិត្យឡើងវិញនូវកញ្ចប់ថវិកា ឆ្នាំ២០២៧ ក្នុងការកាត់បន្ថយចំណាយប្រតិបត្តិការទៅតាមលទ្ធភាពជាអតិបរមា ដើម្បីសន្សំថវិកាយកទៅទ្រទ្រង់ផ្នែកថែទាំសុខភាព ឱ្យមាននិរន្តរភាព។ លើសពីនេះ ក៏ត្រូវយកចិត្តទុកដាក់លើផ្នែកបុគ្គលស្វ័យនិយោជន៍ ដោយកំណត់លក្ខខណ្ឌឱ្យបានច្បាស់លាស់ជាងមុន ចៀសវាងបុគ្គលមួយចំនួនឆ្លៀតឱកាសយកទៅប្រើប្រាស់ខុសគោលដៅរបស់រាជរដ្ឋាភិបាល។

 

ជាមួយគ្នានេះ តំណាងនិយោជក និងនិយោជិត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះការគ្រប់គ្រងបានយ៉ាងល្អក្នុងដំណើរការផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាពិសេសក្នុងកាលៈទេសៈ នៃភាពមិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ចសកល និងជម្លោះព្រំដែន៕

#MLVT #HENGSour