(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ូ វុឌ្ឍី ដែលបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង ៤:២៩នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងក្តីសោកស្តាយចំពោះការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបរបស់ក្រសួងដែលជាចាស់ព្រឹទ្ធាចារ្យ ជារៀមច្បងដ៏ល្អមួយរូប ព្រមទាំងបានចាត់ទុកមរណភាពរបស់ ឯកឧត្តម ហ៊ូ វុឌ្ឍី គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់អស់កម្លាំងកាយ បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទេសន្តរប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការមានឆន្ទៈ និងមនសិការមោះមុត ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ ព្រមទាំងជាឪពុក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃជាទីបំផុតចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី។
ក្នុងឱកាសដ៏សែនក្រៀមក្រំចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏យ៉ាងធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ហ៊ូ វុឌ្ឍី សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


#MLVT #HENGSour