Print this page

ថ្នាក់ដឹកនាំអន្តរក្រសួងសាទរលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី TVET ឆ្នាំ២០២៦-២០៣៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នាក្នុងការកសាងកម្លាំងពលកម្ម ដែលមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន

 ច័ន្ទ, 05 តុលា 2026 23:10  |    ផ្សព្វផ្សាយដោយ MLVT  |  65 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ 

 

កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ កែសម្រួល និងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់។ 

 

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការបន្តអភិវឌ្ឍគោលនយោបាយ និងដើរតួនាទីជាមាគ៌ាដ៏សំខាន់ក្នុងការកសាង "មូលធនមនុស្ស" ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួម សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៦-២០៣៥ មានចក្ខុវិស័យកសាងកម្លាំងពលកម្ម ដែលមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន ដោយឆ្លើយតបទៅនឹងការប្រែប្រួលតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូល។

 

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសូមអរគុណចំពោះការផ្តល់យោបល់ និងអនុសាសន៍ប្រកបដោយអត្ថន័យខ្លឹមសារទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំយ៉ាងសកម្ម និងផុលផុស ក្នុងការធ្វើយ៉ាងណាឱ្យគោលនយោបាយជាតិរបស់យើងអាចសម្រេចបានគោលបំណងពេញលេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព ភាពឆ្លើយតប បរិយាបន្ន និងការតម្រង់ទិសទៅអនាគត តាមរយៈការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋគ្រប់រូបពេញមួយជីវិត ស្របតាមបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងតម្រូវការសង្គម-សេដ្ឋកិច្ច ក្នុងបរិបទនៃការប្រែប្រួលទីផ្សារការងារ។ 

 

ជារួមអង្គប្រជុំបានអបអរសាទរ និងគាំទ្រលើសេចក្តីព្រាងគោលនយោបាយដែលក្រសួងបានរៀបចំឡើង ​តាមចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងវិធានការ និងអង្គភាពទទួលខុសត្រូវ ព្រមទាំងបានទទួលយកធាតុចូលមួយចំនួនក្នុងអង្គប្រជុំនិងបន្តទទួលយកបន្ថែមទៀតក្រោយអង្គប្រជុំ ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ មានភាពស៊ីចង្វាក់គ្នា និងអាចអនុវត្តបាន៕ 

#MLVT #HENGSour