Print this page

បងប្អូនកម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧

 ពុធ, 30 កញ្ញា 2026 14:07  |    ផ្សព្វផ្សាយដោយ MLVT  |  194 ដង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។

 

បន្ទាប់ពីកិច្ចប្រជុំចំនួន ១៧លើក ភាគីនិយោជក និងភាគីកម្មករនិយោជិតនៅតែមានគោលជំហរផ្សេងៗគ្នា ដោយភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក ហើយភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ។ ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចយកតួលេខ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។ 

 

ឈរលើលទ្ធផលនៃការបោះឆ្នោត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្ថែមចំនួន ២ដុល្លារអាម៉េរិកលើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ក្នុងឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានកំណើនប្រាក់ឈ្នួលគោលចំនួន ៤,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ដែលក្នុងនោះរួមមានកំណើនប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារអាម៉េរិក, ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារអាម៉េរិក។

 

បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត ប្រាក់ឈ្នួលគោល ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដ សម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕

#MLVT #HENGSour