Print this page

ក្រសួងការងារ ជំរុញ និងពង្រឹងការយល់ដឹងដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនៅខេត្តកណ្តាល ពីឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៅកន្លែងធ្វើការ និងផលិតភាពការងារ​

 ព្រហស្បតិ៍, 17 កញ្ញា 2026 19:13  |    ផ្សព្វផ្សាយដោយ MLVT  |  69 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ" នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាង ៤០០នាក់ មកពីរោងចក្រចំនួន ២២០ នៅខេត្តកណ្តាល។

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងបរិយាកាសការងារ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ ហើយតម្រូវឱ្យទាំងនិយោជក អ្នកគ្រប់គ្រង និងបងប្អូនកម្មករនិយោជិត ចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង។ ចំពោះជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌតម្រូវស្របតាមច្បាប់ ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ម្ចាស់ នាយកសហគ្រាស និងអ្នកគ្រប់គ្រង ឱ្យពង្រឹងគោលការណ៍ និងយន្តការផ្ទៃក្នុងសម្រាប់ការប្រាស្រ័យទាក់ទងដោយការគោរព ព្រមទាំងយកចិត្តទុកដាក់ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត កែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា និងដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង។ សហគ្រាសក៏អាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ការបំពេញមុខងារជាបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស។

 

ដើម្បីជួយសម្រួលដល់ការឈ្វេងយល់របស់អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងបានបកប្រែច្បាប់ស្ដីពីការងារ ជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន។ ឯកសារទាំងនេះនឹងរួមចំណែកបង្កើនការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ច លើកកម្ពស់វប្បធម៌អនុលោមភាព និងធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ សំដៅសម្រេចបាន "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះឥរិយាបថ និងទំនាក់ទំនងនៅកន្លែងការងារ ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ «ជួប ពន្យល់ និងរំឭក» ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែល។

 

ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ សំដៅលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

 

#MLVT #HENGSour