Print this page

កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងបង្កបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា

 ព្រហស្បតិ៍, 17 កញ្ញា 2026 14:09  |    ផ្សព្វផ្សាយដោយ MLVT  |  61 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលសហការរៀបចំជាមួយក្រសួងដោយអង្គភាពសេវាការងារនិងមុខរបរនៃក្រសួងការងារកូរ៉េ (KLES) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA)។ 

 

ថ្លែងទៅកាន់អ្នកចូលរួមមកពីបណ្តាក្រុមហ៊ុនកូរ៉េដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាចំនួន៤៥ក្រុមហ៊ុន នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារ KOTRA និងអង្គភាព KLES ដែលបានសហការជាមួយក្រសួងរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង ដោយចាត់ទុកវេទិកានេះ ជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថានទូតកូរ៉េក្នុងការគាំពារនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុងការយល់ដឹងបន្ថែមទៀតពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីចូលរួមអនុវត្តឱ្យមានអនុលោមភាពតាមច្បាប់ដែលជាចំណុចស្នូលការធានាបាននូវភាពជោគជ័យ នៃអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងជោគជ័យ នៅកម្ពុជា។

 

ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការរីកចម្រើននៃពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កម្ពុជាកំពុងធ្វើបរិវត្តកម្ម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តលើវិស័យការងារ រួមទាំងលក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងសុវត្ថិភាពនិងសុខភាពការងារ ឱ្យស្របតាមបទដ្ឋានការងារអន្តរជាតិ។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលភាគីកូរ៉េបានផ្តល់ឱកាសការងារជូនពលករកម្ពុជា ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គម  ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ  ហើយបច្ចុប្បន្នកំពុងជួយផ្តល់ជំនួយបច្ចេកទេស 

សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ។

 

ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ ចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់ កាន់តែរីកចម្រើន ពង្រីកការវិនិយោគទុន និងទាក់ទាញវិនិយោគទុនថែមទៀតពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ ឯកឧត្តមបញ្ជាក់ជូនថា ប្រសិនបើមានចំណុចប្រឈម និងមិនយល់ច្បាស់ពីនីតិវិធីនានា ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីជំនាញក្រសួងរីករាយផ្តល់ការប្រឹក្សាយោបល់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ Hotline ១២៩៧។ 

 

នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ គឹម ឆាងយ៉ុង បានលើកឡើងថា សិក្ខាសាលានេះនឹងជួយស្វែងរកកាលានុវត្តភាពសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េ ឱ្យកាន់តែជោគជ័យ និងពង្រឹងបណ្តាញទំនាក់ទំនងសហប្រតិបត្តិការ។ ឯកឧត្តមគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េប្រកាន់ជំហរយ៉ាងមុតមាំពីការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិកម្មករនិយោជិត ដែលធ្វើការឱ្យក្រុមហ៊ុនកូរ៉េ។ ឯកឧត្តមនឹងបន្តលើកទឹកចិត្តទាក់ទាញវិនិយោគទុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុន នៅកម្ពុជា រួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕

 

#MLVT #HENGSour