Print this page

ក្រសួងការងារ និងដៃគូជាតិ-អន្តរជាតិរួមគ្នាលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈល្អ និងកិច្ចគាំពារសិទ្ធិបងប្អូនកម្មករនិយោជិត

 ព្រហស្បតិ៍, 27 សីហា 2026 20:36  |    ផ្សព្វផ្សាយដោយ MLVT  |  135 ដង

(ភ្នំពេញ)៖ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ ក្រោមប្រធានបទ "កិច្ចការពារដែលមានភាពធន់នៅក្នុងអន្តរកាលប្រកបដោយយុត្តិធម៌" នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) សហការជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត សមាគមនិយោជក និងភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាធានាកិច្ចការពារកម្មករនិយោជិត និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនៃពិភពការងារប្រកបដោយយុត្តិធម៌ និងភាពធន់។

 

ក្នុងឱកាសនេះ ឯកឧត្តមបានលើកឡើងថា ពិភពការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលបង្កើតទាំងឱកាស និងបញ្ហាប្រឈមថ្មីៗ។ ដូច្នេះ ត្រូវធានាឱ្យមានអន្តរកាលដោយយុត្តិធម៌ ដោយមិនទុកកម្មករនិយោជិតណាម្នាក់ចោល តាមរយៈការជួយឱ្យពួកគាត់សម្របខ្លួន បង្កើនជំនាញ និងទទួលបានកិច្ចការពារសមស្រប។ 

 

ឯកឧត្តមបានបញ្ជាក់ថាក្រសួងបាននិងកំពុងពង្រឹងយន្តការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត តាមរយៈអធិការកិច្ចការងារ ប្រព័ន្ធ LACMS ប្រអប់បណ្តឹងអនាមិក និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) រួមទាំងកម្មវិធី TVET ១,៥ លាន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះ កិច្ចការពារសង្គមតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានចាត់ទុកជាសសរស្តម្ភសំខាន់សម្រាប់ធានាសុវត្ថិភាពជូនបងប្អូនកម្មករនិយោជិត និងគ្រួសារ ខណៈការចូលរួមរបស់សហជីព កម្មករនិយោជិត និយោជក អង្គការអន្តរជាតិខាងការងារ (ILO) និង JILAF មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម សមត្ថភាពអង្គការវិជ្ជាជីវៈ និងការការពារសិទ្ធិកម្មករនិយោជិត។ 

 

ទន្ទឹមនេះ ឯកឧត្តមបានលើកទឹកចិត្តអង្គការវិជ្ជាជីវៈឱ្យបន្តអនុវត្តច្បាប់ ពង្រឹងកិច្ចសន្ទនាសង្គម សមត្ថភាព ការចរចារួម និងយន្តការដោះស្រាយវិវាទ ព្រមទាំងត្រៀមខ្លួនសមស្របសម្រាប់ការផ្លាស់ប្តូរនៅក្នុងពិភពការងារ។ ការចូលរួមរបស់គ្រប់ភាគី នឹងរួមចំណែកកសាងទំនាក់ទំនងវិជ្ជាជីវៈ និងសុខដុមនីយកម្មនៅកន្លែងការងារ៕

 

#MLVT #HENGSour