Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលា ស្ដីពីរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តថវិកាឆ្នាំ២០២៥ និងការរៀបចំផែនការតាមដានសមិទ្ធកម្មឆ្នាំ២០២៦

 សៅរ៍, 22 វិច្ឆិកា 2025 10:55  |    Written by MLVT  |  160 times

 

(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអគ្គលេខាធិការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពីរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តថវិកាឆ្នាំ២០២៥ និងការរៀបចំផែនការតាមដានសមិទ្ធកម្មឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងនាយកថវិកាកម្មវិធីទាំង៥ អំពីវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តថវិកាឆ្នាំ២០២៥ និងការរៀបចំផែនការតាមដានសមិទ្ធកម្មឆ្នាំ២០២៦ ជូនដល់លោក លោកស្រី ជាជនបង្គោលមកពីអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋាន/អង្គភាពប្រតិបត្តិ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណជាង១០០នាក់។

 

សិក្ខាសាលានេះ មានគោលបំណងពង្រឹងការងារតាមដាន ត្រួតពិនិត្យ ការរាយការណ៍សមិទ្ធកម្មទៅតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់ និងការវាយតម្លៃលើសមិទ្ធកម្មដែលសម្រេចបាន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នៃការអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

 

សិក្ខាសាលា ស្ដីពីរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តថវិកាឆ្នាំ២០២៥ និងការរៀបចំផែនការតាមដានសមិទ្ធកម្មឆ្នាំ២០២៦ មានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការសមិទ្ធកម្មប្រចាំឆ្នាំ ក៏ដូចជាការរៀបចំផែនការតាមដានសមិទ្ធកម្ម ដែលនឹងចូលរួមចំណែកក្នុងការរៀបចំយុទ្ធសាស្រ្ត កម្មវិធី ឱ្យកាន់តែមានគុណភាព ដំណើរការបានល្អ អាចឆ្លើយតបបានចំពោះតម្រូវការ អាចដោះស្រាយបញ្ហាប្រឈមរបស់អ្នកទទួលផល ឬក្នុងអំឡុងពេលដែលកំពុងអនុវត្ត និងអាចកំណត់សូចនាករគន្លឹះសំខាន់ៗ ប្រកបដោយគុណភាពនៅបណ្តាឆ្នាំបន្ទាប់។ 

 

នាក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា លទ្ធផលនៃសិក្ខាសាលានេះ នឹងនាំមកនូវចំណេះដឹងបន្ថែម និងជាមូលដ្ឋានសម្រាប់គ្រប់ប្រធានកម្មវិធី និងអង្គភាពថវិកាពង្រឹងតួនាទីរបស់ខ្លួន បង្កើនគុណភាពនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តចំណាយ ដើម្បីធានាបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពទទួលខុសត្រូវខ្ពស់៕

 

#MLVT #HENGSour