Print this page

ថ្នាក់ដឹកនាំ ប.ស.ស. ចុះអន្តរាគមន៍សង្គ្រោះ និងសួរសុខទុក្ខកម្មករនិយោជិត ៣៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

 សៅរ៍, 23 ឧសភា 2026 15:43  |  89 ដង

(កំពង់ឆ្នាំង)៖​ នា​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងសម្របសម្រួលការសង្គ្រោះបន្ទាន់ដល់បងប្អូនកម្មករនិយោជិត ដែលបានរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​នៅតាមបណ្តោយផ្លូវជាតិលេខ៥ ​ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យកម្មករនិយោជិតចំនួន ៣៥នាក់ រងរបួស។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក មាន ណាវិមន្ត ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល នៃ ប.ស.ស. បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខបងប្អូនជនរងគ្រោះផ្ទាល់ និងបានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈគ្រូពេទ្យ ដើម្បីធានាដល់ការសង្គ្រោះអាយុជីវិតបងប្អូនកម្មករនិយោជិត ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលនានា រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, មន្ទីរសម្រាកព្យាបាល តែ វណ្ណា និងមន្ទីរសម្រាកព្យាបាល សាលាលេខប្រាំ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមអគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីខ្វល់ខ្វាយ និងការសោកស្តាយយ៉ាងពន់ពេកពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះបងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏បានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យឆាប់បានជាសះស្បើយពីរបួសស្នាម និងមានសុខភាពល្អបរិបូរណ៍ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ ប.ស.ស. កំពុងបន្តតាមដានការវិវត្តនៃស្ថានភាពជំងឺដោយយកចិត្តទុកដាក់បំផុត ទាំងបងប្អូនកម្មករនិយោជិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាបងប្អូនដែលត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាបងប្អូនទទួលបានសេវាថែទាំវេជ្ជសាស្ត្រល្អប្រសើរ និងទាន់ពេលវេលាស្របតាមគោលការណ៍របបសន្តិសុខសង្គម៕

#MLVT #HENGSour