Print this page

កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សាជាថ្មីលើវិស័យការងារ

 Thursday, 02 April 2026 11:45  |    Written by MLVT  |  74 times

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌវិស័យការងាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

 

ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបញ្ជាក់ពីការពិនិត្យឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការកំណត់កាលបរិច្ឆេទសមស្របសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស លើកទី៣ ដោយនឹងរួមគ្នាពិនិត្យឱ្យបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ក្នុងឱកាសដដែលនោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលផ្ដល់បណ្ណការងារ និងសៀវភៅការងារជនបរទេសជូនដល់ពលករជនជាតិបង់ក្លាដែសដែលកំពុងបំពេញការងារ និងប្រកបរបរក្នុងប្រទេសកម្ពុជា។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាកិច្ចការដ៏សំខាន់ក្នុងការការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

 

ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស៕

#MLVT #HENGSour