×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» ក្នុងខេត្តរតនគិរី

 Thursday, 03 April 2025 21:18  |    Written by MLVT  |  334 times

 

(រតនគិរី)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» ដែលរៀបចំធ្វើនៅសាលាខេត្តរតនគិរី។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីអធិការការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តចំនួន ៤ រួមមាន ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, និងខេត្តក្រចេះ ព្រមទាំមន្ត្រីថ្នាក់ក្រុង/ស្រុក និងឃុំ/សង្កាត់ នៃខេត្តទាំង ៤ នេះផងដែរ។ 

 

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងជូនដល់អធិការការងារ និងជាពិសេសមន្ត្រីមូលដ្ឋានរាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញ គោលការណ៍ច្បាប់ និងការណែនាំនានា ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង ដោយវាគ្មិនមកពីអង្គភាពជំនាញនានានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។ 

 

ឯកឧត្តម សោម ចំណាន បន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងជាពិសេសសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ដើម្បីឱ្យក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធបង្កើនកិច្ចគាំពារកុមារ និងហាមឃាត់ការរំលោភបំពានលើកុមារគ្រប់រូបភាព។ 

 

ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យបន្តកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល រួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការរាយការណ៍រហ័ស (Hotline និង Online) និងការចូលរួមត្រីភាគីបូក ដើម្បីជំរុញយុទ្ធនាការសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលគ្មានការប្រើប្រាស់ពលកម្មកុមារ។ ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយអំពីការទប់ស្កាត់ពលកម្មកុមារ និងទប់ស្កាត់គ្រប់ស្ថានភាពនៃការរំលោភបំពានលើកុមារ ជាពិសេសនៅតាមមូលដ្ឋានដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង៕ 

 

#MLVT #HENGSour


{gallery}3174{/gallery}