ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

NEA រៀបចំសិក្ខាសាលាអំពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” ដល់សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិជាង ២ពាន់នាក់

 Friday, 19 May 2023 14:13  |  1350 times  |   Print  |   Email

នាថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រឹះស្ថានអប់រំឯកជន សាលា ប៊ែលធីអន្តរជាតិ រៀបចំនូវសិក្ខាសាលាស្តីអំពី៖ “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” ដល់សិស្សថ្នាក់ទី១២ចំនួន ២៤២២នាក់ ដែលកំពុងសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ទាំង២៤សាខា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកមិញនេះ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា មានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឲ្យមានការសម្រេចចិត្តច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។”

 

លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ជាតិមុខរបរ និងការងារ ក៏បានលើកជម្រាបអង្ពពិធីថា សិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះមានគោលបំណង៖ ផ្តល់ជូនក្មួយៗសិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ នូវព័ត៌មានគន្លឹះ ការណែនាំ និងទស្សនាទានក្នុងការជ្រើសរើសជំនាញសិក្សា ដែលស័ក្តិសមនឹងចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួន និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ សំដៅលើព័ត៌មានស្ដីពីតម្រូវការជំនាញពីសំណាក់និយោជក ដែលជាធាតុចូលសំខាន់ជួយដល់ក្មួយៗក្នុងការរៀបចំផែនការសិក្សា និងគោលដៅការងារច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។

 

ប្អូនស្រី វោត លក្ខិណា ជាសិស្សថ្នាក់ទី "១២ឃ" នៅសាលាប៊ែលធីអន្តរជាតិ សាខាស្ទឹងមានជ័យបានប្រាប់ថា ប្អូនស្រីមានសេចក្តីត្រេកអរយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងសិក្ខាសាលារបស់ NEA នាពេលព្រឹកនេះ ព្រោះសិក្ខាសាលានេះបានឱ្យប្អូនដឹងពីការជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ គឺជំនាញពាក់ព័ន្ធនឹងការធ្វើជំនួញ។

រីឯប្អូនប្រុស ឃុន វឌ្ឍនាសុវីរៈ ជាសិស្សប៊ែលធីថ្នាក់ទី១២ លើកឡើងថាអ្វីដែលខ្ញុំកត់សម្គាល់នោះ គឺសៀវភៅកម្រង់សំណួរស្តីពីការរៀបចំផែនការអាជីពមួយនេះហាក់ដូចជាដឹងចិត្តថាខ្ញុំចូលចិត្ត និងស្រឡាញ់អ្វីច្បាស់ណាស់ ក្តីប្រាថ្នារបស់ខ្ញុំនៅថ្ងៃអនាគតគតគឺចង់ធ្វើជាអ្នកសិល្បៈ ជាក់ស្តែងកម្រង់សំណួរនេះក៏បានបង្ហាញដូចអ្វីដែលខ្ញុំប្រាថ្នាដូច្នេះដែរ។

 

គួរបញ្ជាក់ថា ការរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា គឺជាផ្នែកមួយនៃគោលនយោបាយជាតិស្តីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាល ដែលជួយគាំទ្រ និងលើកកម្ពស់យុវជនក្នុងការជ្រើសរើសជំនាញសិក្សាបន្ត និង ត្រូវបានរៀបចំឡើងជាប្រចាំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅតាមគ្រឹះស្ថាន សិក្សា អប់រំ បណ្តុះបណ្តាល ទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស តាមរយៈក្រុមការងារមគ្គទេសន៍អាជីព និងមជ្ឈមណ្ឌលការងារ ជូនដល់សិស្សានុសិស្ស។ ប្រសិនប្អូនៗសិស្សានុសិស្សដទៃទៀតដែលមិនទាន់បានចូលរួមសិក្ខាសាលានេះ ហើយចង់ស្វែងយល់បន្ថែម សូមទាក់ទងមកកាន់មជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈ 016 78 66 55 ដើម្បីទទួលបានសេវាប្រឹក្សាយោបល់អំពីអាជីព និងការងារឥតគិតកម្រៃ៕

ឯកសារផ្លូវការ