ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្ដមរដ្ឋមន្ត្រី អុិត សំហេង បង្ហាញវឌ្ឍនភាពវិស័យការងារនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

 Friday, 26 May 2023 13:15  |  833 times  |   Print  |   Email

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងនោះមកពីរោងចក្រម៉ាវ៉លហ្កាមិន (Marvel Garment) រោងចក្ររ៉ុងវីនហ្គាមិន (Rongwing Garment) និងរោងចក្រដាគ្វានថេកស្ថាយខេមបូឌា (DAQIAN TEXTILE CAMBODIA)។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងសុន្ទរកថារាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីបានជ្រាប។

 

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រសហគ្រាសសរុប៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក កម្ពុជា អូស្ត្រាលី នែតដឺឡង់(ហូឡង់) កូរ៉េខាងត្បួង ហ្វ៉ីលីពីន ស៊ុយអែត និងវៀតណាម។ ផលិតកម្ម និងសេវាកម្មសំខាន់ៗ រួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស) គ្រឿងបង្គុំរថយន្ត សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ផលិតផលធ្វើពីផ្លាស្ទិក ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណល់ គ្រឿងសម្អាង ស្បែកជើង ផលិតផលធ្វើពីស្បែក ផលិតផលថ្នាំលាបពណ៌ គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ សេវាកម្មនានា ធនាគារ ភោជនីយដ្ឋាន។ល។

 

ឯកឧត្តមរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ គឺបានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងបានផ្តល់ជូននូវអត្ថប្រយោជន៍ជូនកម្មករនិយោជិត។

ឯកឧត្តមបានបន្តថា ក្រសួងការងារបានខិតខំធានាបាននូវលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ ការទប់ស្កាត់ការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនិងការងារដោយបង្ខំ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ការពង្រឹងយន្តការអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ ការបង្កើតយន្តការអធិការកិច្ចអន្តរក្រសួង សំដៅធានាបាននូវប្រសិទ្ធភាពនៃអនុលោមភាពតាមច្បាប់របស់រោងចក្រ សហគ្រាស។

 

ឯកឧត្តម អុិត សំហេង បានរំឭកថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតត្រូវបានដំឡើងពី១៩៤ដុល្លារអាម៉េរិក/ខែ ក្នុងឆ្នាំ២០២២ និងបានកើនដល់២០០ដុល្លារអាម៉េរិក/ខែ សម្រាប់ឆ្នាំ២០២៣ បើបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី២១៧-២២៨ដុល្លារអាម៉េរិក/ខែ។កម្មករនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងពង្រីកវិសាលភាពទៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។ ដោយឡែក សម្រាប់កម្មការិនីសម្រាលកូន គឺបន្តទទួលបានការឈប់សម្រាកចំនួន៩០ថ្ងៃ ប្រាក់ឈ្នួល១២០% និងការឧបត្ថម្ភកូន១ចំនួន៤០ម៉ឺនរៀល កូនភ្លោះ២ចំនួន៨០ម៉ឺនរៀល កូនភ្លោះ៣ចំនួន១.២លានរៀល និងប្រាក់ឧបត្ថម្ភផ្ទាល់ពីសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចំនួន៥លានរៀល។ កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ សម្តេចតេជោបានប្រកាសផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដល់កម្មការិនីដែលមានផ្ទៃពោះដែលជាសមាជិក ប.ស.ស. បន្ថែមទៀត។

 

គួរជម្រាបថា ការរៀបចំពិធីសំណេះសំណាលនាថ្ងៃនេះជាកម្មវិធីលើកទី៧ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេស៕


ឯកសារផ្លូវការ