ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញបើកសិក្ខាសាលា ស្តីពីសុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងវិជ្ជាជីវៈ

 ព្រហស្បតិ៍, 30 សីហា 2018 10:43  |    Written by MLVT  |  166 times  |   Print  |   Email

ភ្នំពេញ៖ ថ្លែងបើកសិក្ខាសាលាស្តីអំពីសុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងវិជ្ជាជីវៈ ដែលរៀបចំដោយក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា ITUC-CC នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំង ដោយបានអនុវត្តគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដើម្បីធានាថាសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅកម្ពុជាត្រូវបានគោរពទៅតាមគោលការណ៍ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ក្រសួងបាននិងកំពុងបន្តប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការយ៉ាងខ្លាំងលើការបន្តលើកកម្ពស់លក្ខខណ្ឌការងារ ជាពិសេសការពង្រឹងលក្ខខណ្ឌអនាម័យ និងសុវត្ថិភាពការងារ ឱ្យកាន់តែមានភាពប្រសើរទ្បើង។ នាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជំរុញដ៏សំខាន់ក្នុង ការកសាងវប្បធម៌ សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។ យោងតាមច្បាប់ស្តីពីការងារ បច្ចុប្បន្ននេះរោងចក្រ សហគ្រាសប្រមាណ ៨៨% មានគិលានដ្ឋានប្រចាំរោងចក្រ, កន្លែងហូបបាយ ៣៣%, បន្ទប់បំបៅដោះកូន ២១% និងទារកដ្ឋាន ២៨% ដែលបានជួយដល់បញ្ហាសុខុមាលភាពរបស់កម្មករនិយោជិត។ បន្ថែមលើនេះ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅតាមបណ្តាកម្មវិធីចុះសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋនាពេលកន្លងមក កម្មករនិយោជិតក៏បានទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនបន្ថែមទៀត ជាក់ស្តែងដូចជា ការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ និងការអនុវត្តការផ្តល់ប្រាក់ឈ្នួល ១២០% និងការឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូនជូនកម្មការិនី ។ល។

ទន្ទឹមនឹងនេះ ក្រសួងក៏បាននិងកំពុងបន្តយកចិត្តទុកដាក់ធ្វើការពង្រឹងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងតួនាទីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងការពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងវិវាទបុគ្គល និងវិវាទការងាររួម ចាប់តាំងពីពេលកើតមានវិវាទរហូតដល់ការជម្រះក្តីដោយតុលាការមានសមត្ថកិច្ច។ ក្នុងគោលបំណងធានាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នត្រីភាគីជាច្រើន និងបានបន្តប្រើប្រាស់យន្តការត្រីភាគី ដែលមានការចូលរួមពីភាគីតំណាងកម្មករនិយោជិត (សហជីព) ភាគីតំណាងនិយោជក(សមាគមនិយោជក) និងភាគីតំណាងរាជរដ្ឋាភិបាល ដើម្បីពិគ្រោះយោបល់ និងសម្រេចលើការងារសំខាន់ៗទាក់ទងនឹងបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ ដោយរួមទាំងការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាក់ស្តែងដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន, ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨), ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងយន្តការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ។ល។

មុនប្រកាសបើកជាផ្លូវការ “សិក្ខាសាលាស្តីអំពីសុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងវិជ្ជាជីវៈ” ឯកឧត្តម ម៉ម វណ្ណៈ បានស្នើដល់អង្គសិក្ខាសាលាទាំងមូលចូលរួមពិភាក្សា និងចែករំលែកចំណេះដឹង បទពិសោធន៍ និងមតិយោបល់ល្អៗឱ្យបានផុសផុល សំដៅធ្វើយ៉ាងណាលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែមានភាពល្អប្រសើរបន្តទៅមុខទៀត៕